Key Points
- បុណ្យចូលឆ្នាំថ្មីតាមចន្ទគតិ គឺជាថ្ងៃបុណ្យវប្បធម៌ដ៏សំខាន់មួយដែលត្រូវបានប្រារព្ធនៅក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ីបូព៌ាផ្សេងទៀត។.
- ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅទីក្រុងស៊ីដនី ត្រូវបានគេដឹងថាជាពិធីបុណ្យដ៏ធំបំផុតនៅក្រៅទ្វីបអាស៊ី។
- ពិធីបុណ្យចូលឆ្នាំចិន ប្រែប្រួលជារៀងរាល់ឆ្នាំ ដែលជួនកាលធ្វើឡើងនៅខែមករា និងជួនកាលទៀតក្នុងខែកុម្ភៈ។
មានធាតុផ្សំ៤សម្រាប់ពីធីបុណ្យចូលឆ្នាំថ្មីនេះ។ វាចាប់ផ្តើមមួយសប្តាហ៍ជាមួយនឹងឆ្នាំតូច ដែលជាថ្ងៃនៃការចងចាំ និងសែនព្រែន បន្ទាប់មកថ្ងៃមុនចូលឆ្នាំមួយថ្ងៃ ដែលជាថ្ងៃនៃការជួបជុំគ្នា និងការជូនកាដូ។
ពិធីបុណ្យនិទាឃរដូវនេះ មានរយៈពេលដប់ប្រាំថ្ងៃ រហូតដល់ពិធីបុណ្យបង្ហោះគោម។
Dr Pan Wang គឺជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកសិក្សាភាសាចិន និងអាស៊ី នៅសាកលវិទ្យាល័យ New South Wales។ លោកស្រីនិយាយថា "បុណ្យចូលឆ្នាំតាមចន្ទគតិ គឺជាការចាប់ផ្តើមនៃឆ្នាំតាមច័ន្ទគតិ។ ដោយផ្អែកលើវដ្តនៃព្រះចន្ទ វាអាចហៅផងដែរថា បុណ្យចូលឆ្នាំចិន ឬពិធីបុណ្យនិទាឃរដូវ។ " ។
Dr Wang ពន្យល់ថា "វាត្រូវបានគេប្រារព្ធនៅក្នុងប្រទេសចិន និងនៅក្នុងប្រទេសអាស៊ីខាងកើតផ្សេងទៀត ដូចជាប្រទេសកូរ៉េ វៀតណាម ប្រទេសជប៉ុន "។
វាក៏ត្រូវបានគេប្រារព្ធផងដែរនៅក្នុងប្រទេសម៉ាឡេស៊ី និងម៉ុងហ្គោលី ក៏ដូចជាប្រទេសដែលមានប្រជាជនជាប់សែស្រឡាយទាំងអស់នៅទូទាំងពិភពលោក។
Dr Wangបន្ថែមទៀតថា បុណ្យចូលឆ្នាំចិនមានប្រវត្តិរហូតដល់ 4,000 ឆ្នាំមកហើយ ដោយចាប់ផ្តើមពីរាជវង្ស Xia ឬ Shang ។

Chinese dancers perform during the Sydney Lunar Festival Media Launch at the Chinese Garden of Friendship in Sydney on February 9, 2021. Source: AAP / AAP Image/Bianca De Marchi
"ជាឱកាសមួយក្នុងការរៀនសូត្រអំពីវប្បធម៌អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍"
Dr Kai Zhang ធ្វើការជាមួយកម្មវិធីភាសាចិនទំនើបនៅសាលាវប្បធម៌ ប្រវត្តិសាស្ត្រ និងភាសានៅសាកលវិទ្យាល័យជាតិអូស្ត្រាលីក្នុងទីក្រុងខេនបេរ៉ា។
លោកស្រីនិយាយថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិនៅប្រទេសអូស្ត្រាលី គឺជាឱកាសដ៏ល្អសម្រាប់មនុស្សម្នាមកពីជុំវិញពិភពលោក ដើម្បីស្វែងយល់អំពីវប្បធម៌ចិន ប្រទេសនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ យ៉ាងទូលំទូលាយ។
"វាជាព្រឹត្តិការណ៍វប្បធម៌នៃប្រវត្តិសាស្ត្រដ៏យូរលង់ ហើយសម្បូរទៅដោយនិមិត្តសញ្ញា និងអត្ថន័យបង្កប់នៅក្នុងនោះ។"
របៀបក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនឬ Lunar New Year
- ការតុបតែងលំអ
- ការទទួលទានអាហារពេលល្ងាចជាមួយក្រុមគ្រួសារនៅល្ងាចមុនថ្ងៃចូលឆ្នាំ
- ការចែកអាំងប៉ាវនិងកាដូផ្សេងៗ
- ការដុតផាវនិងកាំជ្រួច
- ការមើលរបាំតោនិងនាគឬម៉ុងសាយ។
"បុណ្យចូលឆ្នាំចិនត្រូវបានប្រារព្ធឡើងតាមរយៈ ម្ហូបអាហារ បរិភោគត្រី គាវ ជួបជុំគ្រួសារ និងមិត្តភ័ក្តិផងដែរ" នេះបើតាមការពន្យល់របស់ Dr Wang។
"ពណ៌ក្រហមត្រូវបានគេចាត់ទុកថាជាពណ៌សំណាង។ ដូច្នេះ ខណៈដែលអ្នកឃើញមានការតុបតែងពណ៌ក្រហមច្រើន វាក៏ជាទំនៀមទំលាប់របស់ប្រជាជនចិនផងដែរក្នុងការចែកស្រោមសំបុត្រក្រហម ឬអាំងប៉ាវក្រហមទៅឲ្យក្មេងៗ ជារបៀបក្នុងការអបអរឆ្នាំថ្មីនិងការរីកធំធាត់របស់ពួកគេ។"
លោកស្រី Iris Tang ធំដឹងក្តីឡើងនៅក្នុងប្រទេសចិនដីគោក ហើយបានផ្លាស់មករស់នៅក្នុងប្រទេសអូស្រ្តាលីកាលពី២០ឆ្នាំមុន។
លោកស្រី និយាយថា ភាពខុសគ្នាសំខាន់ៗរវាងការប្រារព្ធពិធីនៅប្រទេសអូស្ត្រាលី និងចិនដីគោក គឺនៅក្នុងស្រុកកំណើតរបស់លោកស្រី វាគឺជាថ្ងៃឈប់សម្រាកបុណ្យទានសាធារណៈដ៏វែង ដែលត្រូវនឹងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដែលជាពេលវេលាដែលមនុស្សរាប់រយលាននាក់ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេក្នុងប្រទេសចិន ដើម្បីជួបជុំគ្រួសារ។
យោងតាមលោកស្រី Tang អាហារគឺជាផ្នែកមួយដ៏សំខាន់នៃពិធីបុណ្យចូលឆ្នាំថ្មី នៅប្រទេសអូស្ត្រាលី ក៏ដូចជានៅក្នុងប្រទេសចិនដែរ។
"ខ្ញុំប្រារព្ធវាជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ខ្ញុំនៅទីនេះ ក្នុងទីក្រុងខេនបេរ៉ា ដោយរៀបចំអាហារច្រើនមុខ ហើយរបៀបដែលយើងធ្វើ គឺយើងអង្គុយជុំវិញតុ ហើយធ្វើគាវរាប់រយទុកពីល្ងាចមុនថ្ងៃចូលឆ្នាំមូយថ្ងៃ។ ខ្ញុំធ្វើអាហារជាច្រើនមុខ ដាក់ចូលទូកក សម្រាប់ញ៉ាំទៅពេលក្រោយ។ ហើយអ្នកអាចញ៉ាំវាបានគ្រប់ពេលនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីទាំងមូល"។

ប្រតិទិនប្រពៃណីចិន
ទោះបីជាប្រទេសចិនសម័យទំនើបប្រើប្រតិទិនសកលក៏ដោយ ក៏ប្រតិទិនប្រពៃណីរបស់ចិនក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយទាំងនៅក្នុងប្រទេសចិន និងក្នុងចំណោមជនជាតិចិនក្រៅប្រទេសផងដែរ ដោយសារវាបញ្ជាក់ពីថ្ងៃបុណ្យប្រពៃណី ដូចជាបុណ្យចូលឆ្នាំចិន ពិធីបុណ្យបង្ហោះគោម និងពិធីបុណ្យឆេងម៉េង ដែលត្រូវបានគេស្គាល់ថាជា ថ្ងៃសែនផ្នូរផងដែរ។
Dr. Pan Wang ពន្យល់ថា វាក៏ផ្តល់ឱ្យនូវបញ្ជីថ្ងៃតាមប្រពៃណីរបស់ចិន ក្នុងរយៈពេលមួយឆ្នាំ ផងដែរ ដែលមនុស្សម្នាប្រើសម្រាប់ជ្រើសរើសថ្ងៃល្អ សម្រាប់អាពាហ៍ពិពាហ៍ ពិធីបុណ្យសព ការផ្លាស់ប្តូរ ឬចាប់ផ្តើមអាជីវកម្ម។
ប្រតិទិនប្រពៃណីរបស់ចិនគឺតាមចន្ទគតិនិងសូរ្យគតិ។ វាត្រូវបានបង្កើតឡើងនៅលើចលនានៃព្រះចន្ទ និងព្រះអាទិត្យ ដូច្នេះវាត្រូវគិតពីគន្លងរបស់ព្រះចន្ទដើរជុំវិញផែនដី និងគន្លងផែនដីជុំវិញព្រះអាទិត្យ។
"នៅក្នុងប្រតិទិននេះ ការចាប់ផ្តើមនៃខែត្រូវបានកំណត់ដោយគន្លងនៃព្រះចន្ទ។ ដូច្នេះដូចនៅក្នុងប្រតិទិនតាមចន្ទគតិភាគច្រើនគឺ មួយខែមាន29 ឬ 30 ថ្ងៃ។ ហើយការចាប់ផ្តើមនៃឆ្នាំ ត្រូវបានកំណត់ដោយឆ្នាំសូរ្យគតិ។," Dr Wang ពន្យល់។
ការប្រែប្រួលនៃប្រតិទិនចិនអាចត្រូវបានគេប្រើប្រាស់នៅទូទាំងអាស៊ីបូព៌ា។
ជារៀងរាល់ឆ្នាំ ថ្ងៃបុណ្យចូលឆ្នាំថ្មី អាចចំខែមករា ឬខែកុម្ភៈ។
បុណ្យបង្ហោះគោម
Dr. Kai Zhang ពន្យល់ថា បុណ្យចូលឆ្នាំចិនជាទម្លាប់មានរយៈពេលប្រមាណជា២សប្តាហ៍ គិតចាប់ពីល្ងាចមុនថ្ងៃបុណ្យចូលឆ្នាំរហូតដល់ថ្ងៃបុណ្យបង្ហោះគោម ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥នៃថ្ងៃចូលឆ្នាំថ្មី។
ពិធីបុណ្យបង្ហោះគោម ប្រារព្ធឡើងនៅថ្ងៃទី ១៥ នៃខែដំបូងក្នុងឆ្នាំតាមចន្ទគតិ។
"វាត្រូវបានគេហៅថាពិធីបុណ្យបង្ហោះគោម ពីព្រោះមានទំនៀមទម្លាប់នេះ ដែលគ្រប់គ្រួសារទាំងអស់នឹងធ្វើចង្កៀងគោមតូចៗ សម្រាប់កូនៗរបស់ពួកគេ ហើយពួកគេនឹងបំភ្លឺគោម នៅខាងក្រៅទ្វាររបស់ពួកគេ ។ "
"ហើយបើតាមដែលយើងអាចវិលត្រឡប់ទៅរកប្រវត្តិសាស្ត្រវិញ នៅដើមរាជវង្សថាង តែងមានព្រឹត្តិការណ៍ដ៏ធំមួយនេះ នៅថ្ងៃនោះ។"

Source: AAP / AAP Image/Jeremy Ng
"ពេលវេលារំលឹកគុណជីដូនជីតា"
លោកបណ្ឌិត CraigSmithi ជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកសិក្សាការបកប្រែ (ភាសាចិន) នៅវិទ្យាស្ថានអាស៊ីនៃសាកលវិទ្យាល័យ ម៉ែលប៊ន។
លោកបានរស់នៅ តៃវ៉ាន់ និងកូរ៉េខាងត្បូង អស់រយៈពេលពីរបីឆ្នាំ ហើយមានការចងចាំដ៏អស្ចារ្យមួយចំនួននៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅកន្លែងទាំងពីរនេះ។
លោកបណ្ឌិត Smith និយាយថា នៅប្រទេសកូរ៉េខាងត្បូង បុណ្យចូលឆ្នាំថ្មី គឺជាពេលវេលាត្រូវគោរពដល់ដូនតា។
"នៅថ្ងៃចូលឆ្នាំថ្មី គ្រប់គ្នារៀបចំម្ហូបអាហារសែនព្រែនដល់បុព្វការីជនដែលចែកឋានទៅ ដើម្បីរំលឹកគុណពួកគាត់ និងមានភេសជ្ផៈផង" នេះបើតាមប្រសាសន៍របស់ Dr Smith។
"ប្រវត្តិសាស្រ្តដែលមានរាប់ពាន់ឆ្នាំមកហើយ"
Dr Smith មានប្រសាសន៍ថា មានធាតុជាច្រើននៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដែលមកពីប្រទេសផ្សេងក្រៅពីប្រទេសចិន។
ជាឧទាហរណ៍ នេះជាករណីរាំរបាំតោ ដែលត្រូវបានគេបង្ហាញជាប្រពៃណីក្នុងពេលក្បួនដង្ហែបុណ្យចូលឆ្នាំ។
"ពេលអ្នកសិក្សាក្រឡេកមើលទំនៀមទំលាប់រាំរបាំតោនេះ មើលទៅ ពួកគេមើលទៅកាលពីរាប់ពាន់ឆ្នាំមុន ហើយយើងបានដឹងជាយូរមកហើយថាប្រពៃណី សាសនា តន្ត្រី សិល្បៈជាច្រើនបានចូលមកក្នុងប្រទេសចិន ពីអ្វីដែលយើងហៅថា ប្រទេសអាស៊ីខាងលិច ឬកណ្តាល។ " Dr Smith ពន្យល់។
វាទំនងជាថាទំនៀមទំលាប់នេះមានឫសគល់ខ្លះនៅក្រៅប្រទេសចិន។ មនុស្សជាច្រើនបានភ្ជាប់វាទៅនឹងប្រពៃណីភឺសៀន ដោយផ្អែកលើការវិភាគភាសា និងប្រវត្តិសាស្ត្រ។
កងរង្វង់រាសីចក្រចិនចាប់ផ្ដើមនិងបញ្ចប់នៅថ្ងៃចូលឆ្នាំចន្ទគតិ។
ជារៀងរាល់ឆ្នាំនៅក្នុងវដ្តនៃរាសីចក្រដែលកើតឡើងម្តងទៀតនៃ ១២ ឆ្នាំ ម្តង ត្រូវបានតំណាងដោយសត្វរាសីចក្រទាំង១២ ដែលនីមួយៗមានលក្ខណៈតាមប្រភេទសត្វ។ តាមលំដាប់គឺសត្វ កណ្តុរ គោ ខ្លា ទន្សាយ នាគ ពស់ សេះ ពពែ ស្វា មាន់ ឆ្កែ និងសត្វជ្រូក៕