ប្រធានសមាគមខ្មែររដ្ឋវិកថូរៀស្នើឲ្យបេក្ខជនជាប់ឆ្នោតខាងមុខ ជួយសម្រួលផ្តល់ទិដ្ឋាការដល់ពលរដ្ឋខ្មែរអាចមកធ្វើការក្នុងវិស័យកសិកម្មនៅអូស្ត្រាលី

President of Cambodia Association of Victoria You Horn Chea

លោកជា យូហ៊ន ប្រធានសមាគមខ្មែររដ្ឋវិកថូរៀ និង លោក ខឹម សារឹម។ Source: SBS

ការបោះឆ្នោតរដ្ឋាភិបាលសហព័ន្ធអូស្ត្រាលីនឹងរៀបចំធ្វើឡើងនៅថ្ងៃទី 21 ខែឧសភាខាងមុខនេះហើយ។ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកបោះឆ្នោត វិទ្យុអេសប៊ីអេសបានរៀបចំស្តង់ព័ត៌មានមួយនៅផ្សារដាដឺណង់កាលពីថ្ងៃសៅរ៍ទី30 មេសាកន្លងទៅនេះ ដោយ មានការចចូលរួមពីមេដឹកនាំក្នុងសហគមន៍ ព្រមទាំងបេក្ខជនឈរឈ្មោះនៅក្នុងតំបន់ដើម្បីឆ្លើយនូវសំណួរផ្សេងៗទាក់ទងទៅនឹងគោលនយោបាយដែលគណបក្សឈ្នះឆ្នោតត្រូវអនុវត្ត។


លោក​ជា យូហ៊ន ប្រធាន​សមាគម​ខ្មែរ​រដ្ឋ​វិកថូរៀ​បាន​ស្នើ​ឲ្យ​បេក្ខជន​ជាប់​ឆ្នោត​ខាង​មុខ​ជួយ​ ​សម្រួល​ផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​ខ្មែរ​អាចមក​បំពេញ​ការងារ​ផ្នែក​វិស័យ​កសិកម្ម​នៅ​អូស្ត្រាលី និង​ស្នើ​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចាញ់​បោក​គេ​ខណៈ​ដែល​កម្មវិធី​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី​ដែល​បាន​ផ្តួច​ផ្តើម​ឡើង​កាល​ពី​ឡើង​កាលពីឆ្នាំ​2021 ដោយរដ្ឋាភិបាលចម្រុះ​កាន់អំណាច​នាគ្រាបច្ចុប្បន្ន។​

(សំឡេង​លោក ជា​ យូហ៊ន)

លោក Julian Hill សមាជិក​សភា​សហព័ន្ធ​គណបក្ស​ Labor និង​ជា​បេក្ខ​ជន​ឈរ​ឈ្មោះ​ឡើង​វិញ​នៅ​តំបន់​ Bruce បាន​ឲ្យ​ដឹង​ថា​គណបក្ស Labor​ មាន​គោល​នយោបាយ​ពង្រីក​ទិដ្ឋាកសិកម្ម​ទៅ​តាម​បណ្តា​ប្រទេស​នៅ​តាម​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

លោក Julian Hill

អ្វី​ដែល​សំខាន់​បំផុត​នៅក្នុង​កម្មវិធី​អន្តោប្រវេសន៍​របស់​យើង​គឺ​ត្រូវ​តែ​បម្រើ​ ​ផល​ប្រយោជន៍​ជាតិ​ដែល​នេះ​មាន​ន័យថា​បម្រើ​ដល់​សេដ្ឋកិច្ច​ជាតិ​ និង​កម្មវិធី​នោះ​ក៏​អា​ច​បំពេញ​តម្រូវ​ការ​គ្រួសារ​បានផងដែរ។  នៅក្នុង​ប្រទេស​ដែល​មាន​ប្រជា​ជន​ចម្រុះ​ជាតិ​សាសន៍ ពលរដ្ឋ​ត្រូវ​តែ​អាច​ចេញ​ចូល​បាន​។ យើ​ងក៏​ស្វាគមន៍​និស្សិត​ទាំង​ឡាយ​ដែល​ភាគ​ច្រើន​ពួកគេ​អាច​ដាក់​ពាក្យ​សុំ​សិទិ្ធ​រស់​នៅ​អចិន្ត្រៃយ៍ដែល​ជា​ចំណុច​មួយ​ដ៏​ប្រសើរ។ ប៉ុន្តែ​គណបក្ស​ Labor គិត​ថា​គណបក្ស​នយោបាយ​ដឹក​នាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​មិនទាន់​ធ្វើ​ឲ្យ​មាន​តុល្យភាព​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេរវាង​អ្នក​មាន​ជំនាញ​ទទួល​បាន​សិទ្ធិ​រស់​នៅ​អចិន្ត្រៃយ៍ និង​កម្មករ​អន្តោប្រវេសន៍​មក​បំពេញ​ការងារ​បណ្តោះ​អាសន្ន។ វាជា​ប្រការ​មិន​ប្រសើរ​សម្រាប់​ប្រទេ​សយើង​ដែល​មាន​កម្មករ​អន្តោប្រវេសន៍​រាប់​ម៉ឺន​សែន​នាក់កាន់​ទិដ្ឋាការ​បណ្តោះអាសន្ន​​ប៉ុន្តែ​គេ​គ្មាន​វិធី​ក្នុង​ការ​ស្នើ​សុំ​ស្នាក់​នៅ​ដើម្បី​កសាង​ជីវិត​ជា​អចិន្ត្រៃយ៍​នៅ​ទីនេះ។ យើង​ទទួល​ស្គាល់​ពី​តម្រូវ​ការ​កម្លាំង​ពលកម្ម​ជំនាញ​ ព្រម​ទាំង​កម្លាំង​ពលកម្ម​ផ្នែក​កសិកម្ម ប៉ុន្តែ​យើង​ក៏​ចង់​បាន​ផ្លូវ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ដាក់​ពាក្យ​ស្នើ​រស់​នៅ​អចិន្ត្រៃយ៍សម្រាប់​កម្មករ​ជំនាញ ដូចនេះ​ពេលពួកគេ​មក​រស់​នៅ​ គេ​រួម​ចំណែក​កសាង​ប្រទេស​ និង​កសាង​ជីវិត​នៅប្រទេស​នេះ ដូចដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ធ្វើ​អញ្ចឹង​ដែរ។

នៅ​ពេល​សួរ​ថា​តើ​គណបក្ស​លេប័រ​នឹង​បោះ​បង់​ចោល​កម្មវិធី​ទិដ្ឋាការ​កសិកម្ម​នេះ ឬយ៉ាងណា។ លោក ជូលៀន ហ៊ីល​បញ្ជាក់។

 

គោល​នយោបាយ​គណបក្ស​ Labor គឺ​សំខាន់​បំផុត​ពង្រីកកម្មវិធី​ទិដ្ឋាការ​កសិកម្ម​នេះ​នៅក្នុង​កម្មវិធី​ការងារ​តំបន់​ប៉ាស៊ីហ្វិក។ ប្រទេស​កម្ពុជា​មិន​ទាន់​បាន​ចុះ​ MOU ជាមួយ​អូស្ត្រាលី​នៅ​ឡើយ​ទេ​ ដែល​នេះ​ហើយ​ជា​បញ្ហា​មួយ​របស់​លោក Scot Morrision ។ គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ​តែង​តែ​ធ្វើ​ការ​ប្រកាស​ពីគម្រោងការ​ផ្សេងៗ ប៉ុន្តែពិត​ប្រាកដ​នោះ​គឺ​គេ​មិន​ធ្វើ​ទេ​។ គេ​បាន​និយាយ​ថា​គេ​នឹង​ធ្វើ​នេះ ធ្វើ​នោះ​ ប៉ុន្តែ​គេ​មិន​បាន​ធ្វើ​អ្វី​នោះ ទេ។​ ដូច្នេះ​គណបក្ស Labor ផ្តោត​លើ​កម្មវិធី​ការងារ​នៅ​តំបន់​ប៉ាស៊ីហ្វិក ហើយ​ការ​ចាត់​ចែង​ផ្សេងៗ​ទាក់​ទង​នឹង​ទិដ្ឋាការ​កសិកម្ម​នឹង​ត្រូវ​ពិចារណា​ជា​ផ្នែក​មួយ​នៃ​កម្មវិធីនេះ។

 

អ្វី​ដែលគួរឱ្យ​ចាប់អារម្មណ៍នោះ គឺសហព័ន្ធ​កសិករនៅរដ្ឋវិកថូរៀ​បាននិយាយ​ថា​ គណបក្ស Labor មិនបានពិភាក្សាជាមួយ​នឹងម្ចាស់ចម្ការ​និងក្រុម​ហ៊ុន​កសិកម្ម​សំខាន់​ៗក្នុងរឿងនេះឡើយ។ រីឯ​សហព័ន្ធ​កសិករជាតិ​វិញ​ក៏បាននិយាយផងដែរថា​​ ផែនការទាត់ចោល​កម្មវិធី​ទិដ្ឋាការ​កសិកម្មនេះ​ អាចជាការមើលងាយ​ដល់​កសិករអូស្ត្រាលី​។

 

សូម​បញ្ជាក់​ថា​ កម្រោង​ទិដ្ឋាការ​កសិកម្ម​ដែល​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ រដ្ឋាភិបាលចម្រុះ​កាន់អំណាច​នាគ្រាបច្ចុប្បន្ន មកទល់នឹងពេលនេះ មានតែ​ប្រទេស​វៀតណាមមួយគត់​នៅក្នុងសមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍(អាស៊ាន) បានចុះ​ហត្ថលេខា​លើកិច្ចព្រមព្រមទ្វេភាគី​ជាមួយនឹងអូស្ត្រាលី​ តែនៅក្នុងកិច្ច​ព្រមព្រៀងនោះ​គ្មាន​បញ្ជាក់​កំណត់ពី​ពេលវេលា ឬ​ចំនួន​កសិករឬកម្មករ​វៀតណាមប៉ុន្មាននាក់​ដែលនឹងមានភព្វ​វាសនា​មកធ្វើការ​នៅក្នុងប្រទេសអូស្ត្រាលីនេះឡើយ៕


Share