Key Points
- បក្សលេប័របានឈ្នះយ៉ាងហោចណាស់ 49 អាសនៈ - គ្រប់គ្រាន់ដើម្បីគ្រប់គ្រងរដ្ឋាភិបាលនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន។
- លោកអភិបាលរដ្ឋ Daniel Andrews និយាយថា លទ្ធផលនេះបង្ហាញថា "ក្តីសង្ឃឹមតែងតែយកឈ្នះលើការស្អប់" ។
- លោកបានប្តេជ្ញាថានឹងផ្តល់ "ផែនការវិជ្ជមាន" សម្រាប់ការរៀននៅសាលាមត្តេយ្យដោយឥតគិតថ្លៃ មានមន្ទីរពេទ្យកាន់តែច្រើន និងពង្រីកវគ្គសិក្សានៅTAFE ដោយឥតគិតថ្លៃ។
អភិបាលរដ្ឋដែលទទួលបានជ័យជំនះ លោក Daniel Andrews បានប្រាប់អ្នកគាំទ្រថា ការបោះឆ្នោតរដ្ឋវិចថូរៀ គឺជាការបោះឆ្នោតផ្តល់សំឡេងឡើងវិញសម្រាប់រដ្ឋាភិបាលលេប័រ ដែលរឹងមាំ មានស្ថិរភាពលើសំឡេងភាគច្រើន។
លោកបាននិយាយនៅឯពិធីជប់លៀងមួយ នៅមណ្ឌលបោះឆ្នោតតំបន់ Mulgrave ក្នុងទីក្រុងម៉ែលប៊នរបស់លោក ថា "អ្នកដែលធ្វើការកែទម្រង់ដ៏សម្បើមនិងជាបុគ្គលគំរូរបស់បក្សលេប័រ គឺ លោក Paul Keating ម្តងនោះបានប្រាប់ខ្ញុំថា "កូនប្រុស ភាពជាអ្នកដឹកនាំមិនមែនជាការធ្វើអ្វីដែលពេញនិយមនោះទេ ភាពជាអ្នកដឹកនាំគឺស្តីអំពី ការធ្វើអ្វីដែលត្រឹមត្រូវ" ។
"ការដែលសំខាន់ គាត់កំពុងប្រាប់ខ្ញុំថា ភាពជាអ្នកដឹកនាំ គឺស្តីអំពីការធ្វើអ្វីដែលសំខាន់ ហើយនោះជាអ្វីដែលប្រជាជននៃរដ្ឋដ៏អស្ចារ្យនេះបានគាំទ្រនៅថ្ងៃនេះ។"
នៅម៉ោងប្រហែល 10និង50នាទី យប់ថ្ងៃសៅរ៍ នៅទីបំផុត លោក Matthew Guy បានធ្វើសុន្ទរកថាទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។
លោកបានប្រាប់ទៅកាន់អ្នកដែលស្មោះត្រង់នឹងគណបក្សលោក នៅ Doncaster កាលពីយប់ថ្ងៃសៅរ៍ថា "ការបោះឆ្នោតដែលយើងមកជួបជុំគ្នានេះ ខណៈដែលប្រជាជនរដ្ឋវិចថូរៀ ដឹងថា រឿងដ៏ល្អបំផុតរបស់រដ្ឋយើង គួរតែនៅពីមុខយើង មិនមែននៅពីក្រោយយើងទេ" ។

Voters at St Anthony's Catholic Church voting centre in Melbourne are among two million who cast their ballots on election day. Source: AAP / James Ross
បក្សលេប័រនឹងគ្រប់គ្រងរដ្ឋវិចថូរៀរយៈពេល 4 ឆ្នាំទៀត ដោយលោក Andrews ដឹកនាំគណបក្សនេះទៅកាន់អាណត្តិទីបីក្នុងរដ្ឋាភិបាល។
លោកបាននិយាយថា មានការប្រតិកម្មចំពោះគោលនយោបាយកូវីដ-១៩ របស់រដ្ឋាភិបាល ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតបង្ហាញថា "ក្តីសង្ឃឹមតែងតែឈ្នះការស្អប់"។
លោកបាននិយាយថា៖ «យើងបានរួបរួមគ្នាក្នុងជំនឿរបស់យើង លើវិទ្យាសាស្ត្រ និងលើជំនឿរបស់យើង និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក»។
លោកបានប្តេជ្ញាថានឹងផ្តល់ "ផែនការវិជ្ជមាន" សម្រាប់ការចូលរៀននៅសាលាមត្តេយ្យដោយឥតគិតថ្លៃ វគ្គសិក្សានៅTAFE ដោយឥតគិតថ្លៃបន្ថែមទៀត និងការស្តារឡើងវិញនូវគណៈកម្មការអគ្គិសនីរបស់រដ្ឋ។
នៅយប់ថ្ងៃសៅរ៍ គេព្យាករថាបក្សលេប័រ នឹងមានអាសនៈយ៉ាងហោចណាស់ចំនួន ៤៩កៅអី ដែលគ្រប់គ្រាន់ដើម្បីគ្រប់គ្រងរដ្ឋាភិបាលដោយខ្លួនឯង។
លោកនាយករដ្ឋមន្រ្តី Anthony Albanese បានសម្តែងការអបអរសាទររបស់លោក នៅក្នុងសារមួយ លើបណ្តាញសង្គម Twitter ។
លោកបានសរសេរដោយភ្ជាប់ជាមួយរូបថតរបស់លោក និងលោក Andrews នៅពេលសាច់អាំងមួយថា "នេះជាជ័យជំនះដ៏អស្ចារ្យ"។
អភិបាលរដ្ឋគ្វីនស្លេន លោកស្រី Annastacia Palaszczuk ក៏បានធ្វីតការអបអរសាទររបស់លោកស្រីចំពោះ"ជ័យជំនះដ៏អស្ចារ្យ"។
កាលពីល្ងាចថ្ងៃសៅរ៍ អតីតតារា Strictly Ballroom លោក Paul Mercurio បានដណ្តើមកៅអីនៅមណ្ឌល Hastings ពីគណបក្សលីបឺរល មកឱ្យបក្សលេប័រ។
ប៉ុន្តែវាមិនមែនជាកៅអីតែមួយគត់ ដែលបានផ្លាស់ប្តូរបក្សនោះទេ ខណៈដែលអតីតកីឡាករវាយកូនបាល់អាជីព Sam Groth បានប្រកាសថាបានទទួលជ័យជម្នះនៅក្នុងកៅអីរបស់ Nepean នៅ Mornington Peninsula ដោយបានដណ្តើមយកមកពីបក្សលេប័រ នៅក្នុងការរាប់សន្លឹកឆ្នោតដំបូងៗ។
លោក Groth បាននិយាយថា៖ «ខ្ញុំពិតជាមិនបានរំពឹងថា វានឹងត្រូវគេរាប់ពីដើមទីដូច្នេះទេ ខ្ញុំរីករាយណាស់»។
"ខ្ញុំនៅមិនទាន់មានឱកាសបានផឹកអបអរនៅឡើយទេ"។
លោក Chris Brayne របស់បក្សលេប័របានឈ្នះកៅអីក្នុងឆ្នាំ 2018 ជាមួយនឹងជ័៧ជំនះត្រឹមតែមួយភាគរយប៉ុណ្ណោះ។
សមាជិកជាន់ខ្ពស់បក្សលីបឺរល លោកស្រី Georgie Crozier បានប្រាប់ Seven ថាលោកស្រីខកចិត្តក្នុងការបោះឆ្នោតមុន។
អ្នកនាំពាក្យក្រសួងសុខាភិបាលនៃបក្សចម្រុះរូបនេះបាននិយាយថា៖ «យើងបានខិតខំប្រឹងប្រែងធ្វើការងារ យើងមានអ្វីដែលខ្ញុំមានអារម្មណ៍ថាជាសារដ៏រឹងមាំមួយ ដែលច្បាស់ណាស់ថា សាធារណជនរដ្ឋវិចថូរៀ មិនបានទទួលសារនោះទេ»។
នៅថ្ងៃសៅរ៍ ប្រជាជនរដ្ឋវិចថូរៀមួយចំនួន ត្រូវសរសេរដោយដៃនៅលើសន្លឹកឆ្នោតទទេ ខណៈដែលមណ្ឌលបោះឆ្នោតមួយចំនួន បានអស់សន្លឹកឆ្នោតនៅថ្ងៃបោះឆ្នោត។
មេដឹកនាំបក្សហ្រ្គីន លោក Adam Bandt និយាយថា គណបក្សហ្រ្គីននៅរដ្ឋវិចថូរៀ គឺស្ថិត "នៅលើផ្លូវសម្រាប់លទ្ធផលល្អបំផុត ដែលមិនធ្លាប់មានរបស់យើងនៅក្នុងការបោះឆ្នោតថ្នាក់រដ្ឋ" ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋវិចថូរៀ បានបញ្ជាក់ពីកង្វះសន្លឹកឆ្នោតនៅលើ Twitter កាលពីយប់ថ្ងៃសៅរ៍។
គណៈកម្មាការបាននិយាយថា "នៅក្នុងពេលបណ្តោះអាសន្ន អ្នកបោះឆ្នោតត្រូវបានផ្តល់ឱ្យនូវសន្លឹកឆ្នោតទទេ ដោយឈ្មោះបេក្ខជនត្រូវសរសេរដោយដៃនៅលើសន្លឹកឆ្នោត។ នេះគឺជាវិធីសាស្រ្តដែលអាចទទួលយកបានក្នុងស្ថានភាពនេះ"។
មណ្ឌលបោះឆ្នោតបានបិទនៅម៉ោង 6 ល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីមានការបោះឆ្នោតមុនជាច្រើនសប្តាហ៍ ដែលប្រជាជនរដ្ឋវិចថូរៀ ជិតពីរលាននាក់បានបោះឆ្នោតជាមុន។
ស្ទើរតែពាក់កណ្តាលនៃប្រជាជនចំនួន 4.4 លាននាក់ដែលបានចុះឈ្មោះបោះឆ្នោតនៅក្នុងរដ្ឋវិចថូរៀ បានបោះឆ្នោតរួចហើយនៅមណ្ឌលបោះឆ្នោតមុនកាលកំណត់ ឬបោះតាមប្រៃសណីយ៍ ដែលនាំឱ្យមានការព្រមានពីគណៈកម្មាធិការរៀបចំការបោះឆ្នោតថា វាអាចពន្យារពេលលទ្ធផលនៅយប់បោះឆ្នោត។
លោកអភិបាលរដ្ឋបានធ្វើខុសទម្លាប់បោះឆ្នោតរបស់លោក ដោយបានទៅបោះឆ្នោតមុន នៅព្រឹកថ្ងៃព្រហស្បតិ៍ បោះនៅខាងក្រៅមណ្ឌលបោះឆ្នោតរបស់លោកនៅ Mulgrave ជាមួយភរិយារបស់លោកគឺ លោកស្រី Catherine និងកូនពីរនាក់របស់លោក៕