មុនថ្ងៃបុណ្យណូអែលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បណ្តាមេដឹកនាំរដ្ឋនិងដែនដីនានាបានប្រញាប់ប្រញាល់ដាក់កម្រិតលើការធ្វើដំណើរថ្មីៗ មកលើអ្នកដំណើរពីតំបន់ឆ្នេរសមុទ្រភាគខាងជើង "Northern Beaches" នៅស៊ីដនី ជាទីការឆ្លងជាចង្កោមនៃវីរុសកូរ៉ូណាកំពុងតែបន្តកើនឡើង។
ការផ្ទុះឡើងនេះបានកើនឡើងដល់ ៤១ ករណីហើយ កាលពីថ្ងៃសៅរ៍ ដោយប្រភពនៃការចម្លងនៅតែមិនទាន់ដឹងនៅឡើយ។
រដ្ឋមន្រ្តីទីមួយនៃរដ្ឋញូសៅវែល លោកស្រី
លោកស្រីបាននិយាយថា "ជាការចាំបាច់ យើងនឹងត្រូវត្រលប់ទៅរកការរឹតត្បិតដែលបានដាក់ចេញកាលពីខែមីនាម្តងទៀត សម្រាប់តែតំបន់ Northern Beaches តែប៉ុណ្ណោះ។
ការកើនឡើងនៃករណីឆ្លងដ៏គួរឲ្យតក់ស្លុតនេះ បានធ្វើឱ្យមានច្បាប់ទម្លាប់ថ្មីសម្រាប់អ្នករស់នៅក្នុងទីក្រុងស៊ីដនី និងរដ្ឋញូសៅវែល ដែលរំពឹងថានឹងធ្វើដំណើរឆ្លងទៅរដ្ឋផ្សេងសម្រាប់រដូវកាលឈប់សម្រាកនេះ។ ហើយនេះជាអ្វីដែលអ្នកត្រូវដឹង។
រដ្ឋវិចថូរៀ
អ្នកណាម្នាក់ដែលធ្វើដំណើរទៅរដ្ឋវិចថូរៀ ពី រដ្ឋញូសៅវែលចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ នឹងត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតធ្វើដំណើរ។ ជាមួយគ្នានោះ ប្រជាជនមកពីតំបន់Nothern Beaches ត្រូវបានហាមឃាត់មិនឱ្យចូលមកក្នុងរដ្ឋនេះឡើយ។
ការអនុញ្ញាតនឹងត្រូវបានចេញដោយប្រើ“ ប្រព័ន្ធភ្លើងចរាចរណ៍”ឬ "Traffic Light System"៖ តំបន់ Northern Beaches នឹងត្រូវបានគេចាត់ទុកថាជា“ តំបន់ក្រហម” តំបន់ក្រុងស៊ីដនីជា“តំបន់ពណ៌ទឹកក្រូច” ហើយតំបន់ដែលនៅសេសសល់ផ្សេងទៀតក្នុងរដ្ឋញូសៅវែលជា "តំបន់ពណ៌បៃតង"។
អ្នកណាម្នាក់ដែលធ្វើដំណើរមកពី 'តំបន់ពណ៌ទឹកក្រូច' គេរំពឹងថានឹងត្រូវធ្វើតេស្តនៅពេលមកដល់ ហើយផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេរហូតដល់ទទួលបានលទ្ធផលតេស្ត។
កាលពីថ្ងៃសៅរ៍ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃរដ្ឋវិចថូរៀបានព្រមានថា ទីក្រុងស៊ីដនីអាចនឹងត្រូវបានប្រកាសថាជាតំបន់ក្រហម ប្រសិនបើការផ្ទុះឡើងនេះរីករាលដាលហួសពីតំបន់ Northern Beaches។
លោកបានមានប្រសាសន៍ថា “មានហានិភ័យគួរឱ្យកត់សម្គាល់មួយដែលកូវីដ -១៩ បានរាលពាសពេញតំបន់ស៊ីដនី” ។
ប្រសិនបើមានករណីបែបនោះមែន ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើដូច្នោះមែន នោះយើងនឹងគ្មានជំរើសអ្វីក្រៅពីប្រកាសទីក្រុងស៊ីដនីជាតំបន់ក្រហមនោះទេ។
ស្ថានភាពនេះកំពុងត្រូវបានត្រួតពិនិត្យជារៀងរាល់ម៉ោង ហើយការរឹតត្បិតអាចផ្លាស់ប្តូរបានគ្រប់ពេល។
ប្រជាជនដែលមកដល់ក្នុងរដ្ឋវិចថូរៀរួចទៅហើយ ដែលបានទៅតំបន់Northern Beaches នៅថ្ងៃទី១១ ធ្នូ ឬចាប់ពីថ្ងៃនោះ គួរតែផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេ និងទៅធ្វើតេស្ត។
រដ្ឋគ្វីនស្លេន
អាជ្ញាធរសុខាភិបាលរដ្ឋឃ្វីនឡែនបានដាក់ចេញនូវលិខិតអនុញ្ញាតព្រំដែនសម្រាប់អ្នកដែលមកពីរដ្ឋ NSW ចាប់ពីម៉ោង ១ ព្រឹក ថ្ងៃទី ២០ ធ្នូ ខណៈតំបន់Northern Beaches ត្រូវបានប្រកាសថាជាចំណុចក្តៅ "hot spot"។
រដ្ឋមន្ត្រីសុខាភិបាលលោក Yvette D'Ath មានប្រសាសន៍ថា៖ "សម្រាប់អ្នកដែលមកពីតំបន់ឆ្នេរភាគកណ្តាល Central Coastនៃរដ្ឋញូវសៅវែល ឬមកពីតំបន់ទីក្រុងស៊ីដនី ដែលកំពុងចូលមកក្នុងរដ្ឋឃ្វីនឡែន នៅពេលដែលអ្នកមកដល់ យើងសុំឱ្យអ្នកធ្វើតេស្ត ហើយឃុំខ្លួនឯងរហូតដល់អ្នកទទួលបានលទ្ធផលពីការធ្វើតេស្តទាំងនោះ"។
នរណាម្នាក់ដែលបច្ចុប្បន្ននៅក្នុងរដ្ឋឃ្វីនឡែនរួចហើយ តែបានទៅលេងតំបន់Northern Beaches ក្រោយពីថ្ងៃទី ១១ ខែធ្នូគួរតែធ្វើតេស្ត និងឃុំខ្លួនឯងនៅក្នុងផ្ទះរយៈពេល ១៤ ថ្ងៃ គិតចាប់ពីពេលដែលពួកគេស្ថិតនៅក្នុងតំបន់នោះជាលើកចុងក្រោយ។
អ្នកទាំងឡាយណាដែលបានមកដល់រដ្ឋឃ្វីនឡែននៅថ្ងៃសុក្រ បន្ទាប់ពីបានទៅលេងតំបន់ Northern Beaches ក្រោយថ្ងៃទី ១១ ខែធ្នូ ត្រូវតែធ្វើតេស្ត និង ធ្វើចត្តាឡីស័កក្នុងកន្លែងស្នាក់នៅរបស់ពួកគេរយៈពេល ១៤ ថ្ងៃ។
បន្ទាប់ពីម៉ោង ១ ព្រឹកថ្ងៃទី ១៩ ធ្នូ អ្នកណាម្នាក់ដែលបានទៅតំនង់ Northern Beaches នឹងត្រូវតែធ្វើតេស្ត ហើយ ធ្វើចត្តាឡីស័កក្នុងសណ្ឋាគារជាកំហិតដោយចេញថ្លៃចំណាយដោយខ្លួនឯង។
រដ្ឋធានីដែនដីអូស្រ្តាលី ACT
អ្នកស្រុកខេនបេរ៉ា ត្រូវបានគេណែនាំមិនឱ្យធ្វើដំណើរទៅតំបន់ Northern Beaches នោះទេ។
អាជ្ញាធរសុខាភិបាលបាននិយាយថា នរណាដែលបានទៅតំបន់នេះ ចាប់តាំងពីថ្ងៃទី ១១ ធ្នូ ត្រូវទៅធ្វើតេស្ត និងផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេ។
រដ្ឋអូស្រ្តាលីខាងលិច
រដ្ឋាភិបាលរដ្ឋអូស្រ្តាលីខាងលិចបានចេញបញ្ជារថា នរណាម្នាក់ដែលធ្វើដំណើរមកពីរដ្ឋញូសៅវែល ត្រូវឃុំខ្លួនឯងរយៈពេល១៤ថ្ងៃ និងទៅធ្វើតេស្តនៅថ្ងៃទី ១១ ។
លោករដ្ឋមន្រ្តីទីមួយ Mark McGowan ក៏បានព្រមានដល់ប្រជាជនរដ្ឋអូស្រ្តាលីខាងលិចកុំឲ្យធ្វើដំណើរទៅរដ្ឋញូសៅវែល ព្រោះថាអាចនឹងមានការដាក់កម្រិតព្រំដែនដ៏តឹងរឹងនៅក្នុងពេលដ៏ខ្លីខាងមុខ។
ដែនដីភាគខាងជើង Northern Territory
ដែនដីភាគខាងជើងបានប្រកាសថា តំបន់ Northern Beaches គឺជាចំណុច hotspot។ នរណាម្នាក់ដែលបានទៅតំបន់ននេះ ហើយរំពឹងថានឹងធ្វើដំណើរមកកាន់ដែនដីភាគខាងជើង នឹងត្រូវធ្វើចត្តាឡីស័កជាកំហិតនៅ Alice Spring ឬ ដាវីន រយៈពេល ១៤ ថ្ងៃ។
រដ្ឋថាសម៉ាញៀ
អាជ្ញាធរសុខាភិបាលបានកំណត់តំបន់Northern Beaches ជាតំបន់ដែលមានហានិភ័យខ្ពស់ ហើយរារាំងភ្ញៀវទេសចរដែលបានឆ្លងកាត់តំបន់នោះ ចាប់តាំងពីថ្ងៃទី ១១ ធ្នូ មិនឲ្យចូលទៅក្នុងរដ្ឋថាសម៉ាញៀឡើយ លើកលែងតែពួកគេជាអ្នកធ្វើដំណើរចាំបាច់។
រដ្ឋថាសម៉ាញៀ នឹងប្រកាសតំបន់ទីក្រុងស៊ីដនីថាជា“តំបន់ហានិភ័យមធ្យម” ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ២០ ខែធ្នូ។ អ្នកណាម្នាក់ដែលធ្វើដំណើរពីតំបន់នេះ នឹងត្រូវឃុំខ្លួនឯងរយៈពេល១៤ថ្ងៃ។
អ្នកណាម្នាក់ដែលស្ថិតនៅក្នុងរដ្ឋថាសម៉ាញៀរួចហើយ ហើយបានទៅក្នុងតំបន់នោះចាប់ពីថ្ងៃនោះ ត្រូវបានស្នើសុំឲ្យផ្តាច់ខ្លួនឯងចេញឆ្ងាយពីគេភ្លាម ហើយទៅធ្វើតេស្ត។
គេរំពឹងថា រដ្ឋាភិបាលរដ្ឋថាសម៉ាញៀ នឹងពិភាក្សាអំពីការរឹតបន្តឹងថ្មីៗទាំងនេះជាមួយអ្នករៀបចំកម្មវិធីប្រណាំងទូកពីស៊ីដនី ទៅហូបាត។
រដ្ឋអូស្រ្តាលីខាងត្បូង
ប្រជាជនរដ្ឋអូស្រ្តាលីខាងត្បូងដែលបានទៅតំបន់ Northern Beaches តំបន់ Lavender Bay ឬ តំបន់ Penrith ចាប់តាំងពីថ្ងៃទី ១១ ខែធ្នូ ត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយទៅធ្វើតេស្ត។
នរណាម្នាក់ដែលបានទៅលេងនៅ ក្លឹបប៊ូលីង Avalon Bowling Clubនៅថ្ងៃទី ១៣ ខែធ្នូម៉ោង ៥ ល្ងាច - ៧ យប់ និង ១៥ ធ្នូម៉ោង ៣ដល់ម៉ោង៥ ល្ងាចឬ Avalon Beach RSL Club នៅថ្ងៃទី ១១ ធ្នូ មិនអាចចូលមកក្នុងរដ្ឋអូស្ត្រាលីខាងត្បូងបានទេ។ ប្រសិនបើស្ថិតនៅក្នុងរដ្ឋរួចហើយ ពួកគេត្រូវទៅធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ។
អ្នកដំណើរឆ្លងរដ្ឋក៏នឹងត្រូវដាក់ពាក្យសុំចូលមកក្នុងរដ្ឋអូស្រ្តាលីខាងត្បូងផងដែរ ដើម្បីធានាថា នរណាម្នាក់ដែលទើបតែបានទៅតំបន់ Northern Beaches ត្រូវបានគេកំណត់អត្តសញ្ញាណ៕