នាយករដ្ឋមន្រ្តីអូស្រ្តាលីប្រកាសពីវិធានការណ៍នៃការធ្វើដំណើរដែលតឹងរ៉ឹងជាងមុន និងដាក់ទីក្រុងប្រ៊ីសបេនជាតំបន់ក្តៅគគុកនៃការឆ្លងវីរុសកូរ៉ូណា

លោកនាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន មានប្រសាសន៍ថា ការការពារនឹងពង្រីងបន្ថែមដើម្បីបង្ការការរីករាលដាលនៃវីរុសកូរ៉ូណាដែលអាចចម្លងបានយ៉ាងឆាប់រហ័ស ដែលឆ្លងមកពីចក្រភពអង់គ្លេស។

National Cabinet will meet again.

Source: AAP

គណៈរដ្ឋមន្រ្តីជាតិបានគាំទ្រវិធានការណ៍ធ្វើដំណើរអន្តរជាតិនិងក្នុងស្រុកថ្មីៗ ដើម្បីពង្រឹងការការពារកូវិដ-១៩ ជាកិច្ចឆ្លើយតបទៅនឹង​ការគំរាមកំហែងកាន់តែខ្លាំងឡើងៗនៃវីរុសកូរ៉ូណា​អំបូរចក្រភពអង់គ្លេសដែលឆ្លងជាខ្លាំង។

ទីក្រុងប្រ៊ីសបេន (Greater Brisbane) ក៏ត្រូវបានគេប្រកាសថាជាចំណុចក្តៅ "Hotspot" នៅ​កម្រិត​ថ្នាក់​ជាតិ បន្ទាប់ពីអ្នកបោសសំអាតម្នាក់បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុស​ដែលបម្លែង​ខ្លួន​ថ្មីនេះ ដែល​ធ្វើ​ឲ្យ​ទីក្រុងនេះធ្លាក់​ចូល​ទៅ​ក្នុង​ការ​បិទទ្វារlockdown​រយៈពេលបីថ្ងៃ។

នៅក្រោមការផ្លាស់ប្តូរទាំងនេះ អ្នកដំណើរដែលហោះហើរចូលក្នុងប្រទេសអូស្ត្រាលីត្រូវតែបង្ហាញ​នូវ​លទ្ធផល​តេស្តអវិជ្ជមាន កូវីដ-១៩ នៅមុនពេលចេញដំណើរ ហើយចំនូន​កំណត់​ក្នុង​ការ​ទទួល​អ្នកដំណើរវិលត្រឡប់​ចូលស្រុកវិញ​ក៏ត្រូវបានកាត់បន្ថយផងដែរ។

អ្នកដំណើរនៅលើជើងហោះហើរពីចក្រភពអង់គ្លេសក៏នឹងត្រូវឆ្លងកាត់ការធ្វើតេស្តយ៉ាងឆាប់រហ័សសម្រាប់​អំបូរនៃមេរោគកូរ៉ូណាថ្មីនេះ មុនពេលពួកគេឡើងយន្តហោះត្រឡប់មក​ប្រទេសអូស្រ្តាលីវិញ។

ម៉ាសនឹងត្រូវតែពាក់ជាកំហិត សម្រាប់អ្នកដំណើរ​នៅ​លើជើងហោះហើរទាំងក្នុងស្រុក និងក្រៅប្រទេស និងនៅក្នុងអាកាសយានដ្ឋានក្នុងស្រុកនៅក្នុងប្រទេសអូស្ត្រាលីផងដែរ ដោយមិនរាប់បញ្ចូលក្មេងៗអាយុ ១២ ឆ្នាំចុះនោះទេ ហើយក៏មាន​ការ​ណែនាំឲ្យ​ពាក់ម៉ាសនៅក្នុងអាកាសយានដ្ឋាននៅ​ក្រៅប្រទេសផងដែរ។
លោកម៉ូរីសុន បានមានប្រសាសន៍ថា “ វីរុសនេះបន្តសរសេរច្បាប់របស់ខ្លួនឯង ហើយនោះមានន័យថា យើងត្រូវតែបន្តសម្របខ្លួនតាមរបៀបដែលយើងបន្តប្រយុទ្ធប្រឆាំងនឹងវា” ។

វានឹងមានការលើកលែងមួយចំនួនចំពោះតម្រូវការធ្វើតេស្តដូចជា កម្មករតាមរដូវពីប្រទេសដែលមានហានិភ័យទាប ដែលនៅ​ទីនោះ​លទ្ធភាពនៃការ​ធ្វើ​តេស្ត​នៅ​មានកម្រិត ដែលផ្ទុយទៅវិញពួកគេនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ "ដែលសមស្រប" ។

ការកំណត់ចំនួនអ្នកវិលត្រឡប់មកពីបរទេសវិញនឹងត្រូវកាត់បន្ថយរហូតដល់ខែកុម្ភៈ

ការ​កំណត់​ចំនួន​ប្រជាជនដែលវិលត្រឡប់ចូលមកក្នុងប្រទេសអូស្ត្រាលីវិញ ត្រូវបានកាត់បន្ថយចំនួន ៥០ ភាគរយ នៅរដ្ឋញូវសៅវែល រដ្ឋអូស្រ្តាលីខាងលិច និងរដ្ឋឃ្វីនឡែន។

ចំនួនកំណត់ថ្មីនៅរដ្ឋញូវសៅវែលនឹងធ្លាក់ចុះមកនៅ ១.៥០៥ នាក់ក្នុងមួយសប្តាហ៍ នៅរដ្ឋអូស្ត្រាលីខាងលិច ៥១២ នាក់ក្នុងមួយសប្តាហ៍ និងនៅរដ្ឋឃ្វីនឡែន ៥០០ នាក់ក្នុងមួយសប្តាហ៍។



រដ្ឋវិចថូរៀក៏នឹងបន្តទទួលយក​ប្រជាជន​ត្រឡប់ចូលស្រុកវិញចំនួន ៤៩០ នាក់ក្នុងមួយសប្តាហ៍ដដែល បន្ទាប់ពីរដ្ឋនេះបានកាត់បន្ថយកាលពីលើកមុនរួចហើយ ក្រោយពីមានរលកទីពីរ​នៃវីរុសកូរ៉ូណានៅ​ក្នុង​រដ្ឋ។

គណៈរដ្ឋមន្រ្តីជាតិបានយល់ស្របលើការកាត់បន្ថយនេះ​ រហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំរដ្ឋនិងដែនដីកាល​ពីថ្ងៃសុក្រ។

លោក Morrison បានមានប្រសាសន៍ថា ៨០ ភាគរយនៃប្រជាជនអូស្រ្តាលីដែលបានចុះឈ្មោះនៅក្រៅប្រទេស ឥឡូវនេះស្ថិតនៅក្នុងប្រទេសដែលវីរុសនេះមានការប្រែប្រួលថ្មី។

លោកបានមានប្រសាសន៍ថា“ មានភាពមិនច្បាស់លាស់ និងភាពមិនប្រាកដប្រជាជាច្រើនទាក់ទងនឹងអំបូរថ្មីនេះ ដូច្នេះហើយទើបយើងជឿថា វិធីសាស្រ្តបង្ការទុកជាមុននេះគឺសមរម្យណាស់” ។
ប្រធានមន្រ្តីវេជ្ជសាស្រ្ត លោក Paul Kelly បានមានប្រសាសន៍ថា ការឆ្លើយតបដ៏“តឹងរឹង និងរហ័ស និងខ្លាំងក្លា” គឺសំដៅឆ្ពោះទៅរកហានិភ័យដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី​ដែល​ឆ្លង​បាន​យ៉ាង​លឿននេះ។

លោកបានមានប្រសាសន៍ថា“ បញ្ហាចំបងរបស់យើងគឺរក្សាប្រជាជនអូស្រ្តាលីឱ្យមានសុវត្ថិភាព ហើយត្រូវប្រាកដថា អំបូរវីរុសនេះមិនមែនជាអំបូរដែលនឹងចរាចរនៅក្នុងប្រទេសអូស្ត្រាលីទេ” ។

“មូលហេតុគឺដោយសារថា វានឹងកាន់តែពិបាកគ្រប់គ្រង”។

រាល់បុគ្គលិកកម្មករដែលធ្វើការ​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ទាំង​អស់ ពីពេលនេះទៅ នឹងត្រូវធ្វើតេស្តជារៀងរាល់ថ្ងៃផងដែរ។

ក្រុមអាកាសយានិកអន្តរជាតិ ត្រូវតែឆ្លងកាត់ការធ្វើតេស្តកូវីដ​នៅអូស្ត្រាលីរៀងរាល់ ៧ ថ្ងៃម្តង ឬនៅពេលមកដល់ ហើយនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅ​កន្លែង​ដែល​បាន​រៀបចំទុក ក្នុង​ចន្លោះ​ពេល​នៃការហោះហើរនិមួយៗ។

បច្ចុប្បន្នមានប្រជាជនប្រមាណ ៣៨.០០០ នាក់ហើយដែលបានចុះឈ្មោះជាមួយក្រសួងការបរទេសនិងពាណិជ្ជកម្ម ដោយចង់វិលត្រឡប់មកពីបរទេសចូលស្រុកវិញ៕


Share
Published 9 January 2021 8:42pm
Updated 12 August 2022 3:10pm
By Tom Stayner, Sopharany Hay


Share this with family and friends