ការដែលត្រូវធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ១៩ វាអាចជារឿងដែលធ្វើឲ្យភ័យព្រួយ និងជាបទពិសោធន៍ដែលគួរឲ្យខ្លាចរអា។
រហូតមកទល់នឹងពេលនេះ វាបានកើតឡើងលើមនុស្សជាង៦០០០នាក់ហើយ នៅក្នុងប្រទេសអូស្រ្តាលី។
ហើយខណៈដែលយើងទទួលស្គាល់ថា អត្រាឆ្លងនៅក្នុងប្រទេសអូស្រ្តាលីកំពុងតែថយចុះទាបនោះ វានៅតែ ទំនងជាមានមនុស្សជាច្រើនទៀតនឹងត្រូវឆ្លងមុនពេលដែលការរីករាលដាលនៃជំងឺរាតត្បាតនេះថមថយ។
នោះធ្វើឱ្យវាមានសារៈសំខាន់ខ្លាំងណាស់ ដែលអ្នកធ្វើរោគវិនិច្ឆ័យឃើញថាមានវីរុសនេះ ដឹងពីអ្វីដែលត្រូវធ្វើ។
តើអ្នកគួរធ្វើដូចម្តេចប្រសិនបើអ្នកឆ្លងវីរុសកូរ៉ូណា?
Dr Chris Moy គឺជាវេជ្ជបណ្ឌិតពិនិត្យជំងឺទូទៅម្នាក់ និងជាប្រធានសមាគមវេជ្ជសាស្រ្តអូស្រ្តាលី សាខារដ្ឋអូស្រ្តាលីខាងត្បូង។
លោកមានប្រសាសន៍ថា រឿងដំបូងដែលនរណាម្នាក់ធ្វើតេស្តរកឃើញវិជ្ជមាននៃមេរោគកូរ៉ូណាគួរធ្វើនោះ គឺនៅផ្ទះ។ ហើយអ្នកដែលរស់នៅជាមួយពួកគេ ក៏ត្រូវចាត់វិធានការដូចគ្នានេះដែរ។
“ច្បាស់ណាស់ រឿងដំបូងគេនោះគឺថា ពួកគេត្រូវនៅផ្ទះ ព្រោះពួកគេមិនចង់ចម្លងមេរោគនេះទៅអ្នកនៅជុំវិញនោះទេ” នេះបើតាមប្រសាសន៍ដែលលោកបានប្រាប់ទៅកាន់ SBS News។
“ហើយពួកគេគួរតែនៅឲ្យឆ្ងាយ ពីមនុស្សគ្រប់គ្នានៅក្នុងផ្ទះ។ បុគ្គលដែលនៅក្នុងផ្ទះនោះទាំងអស់ ក៏នឹងក្លាយជាអ្នកដែលមានទំនាក់ទំនងជាមួយអ្នកឆ្លងវីរុសនេះ ហើយពួកគេក៏ត្រូវផ្តាច់ខ្លួននៅដាច់ដោយឡែកពីគេផងដែរ។”
ចុះចំពោះអ្នកដែលប្រហែលជាបានឆ្លងវិញ?
ដំណើរការនៃការស្វែងរកទំនាក់ទំនងជាមួយនឹងអ្នកដែលបានឆ្លងរួចហើយ ត្រូវបានគេហៅថា ជាការតាមដានទំនាក់ទំនង។
លោកវេជ្ជបណ្ឌិត Moy មានប្រសាសន៍ថា អ្នកដែលត្រូវបានគេតាមដានថាជាអ្នកទាក់ទងនឹងករណីកូវីដ១៩នេះ នឹងប្រហែលជាត្រូវធ្វើសកម្មភាពផ្សេងៗគ្នា។
លោកមានប្រសាសន៍ថា៖ “បច្ចុប្បន្ននេះ ចំនួននេះមានចំនួនតិចតួចណាស់សម្រាប់ឲ្យអាជ្ញាធរសុខភាពសាធារណៈនៅតែ អាចទាក់ទងទៅបុគ្គលម្នាក់ៗ ហើយប្រាប់ពួកគេ នូវអ្វីដែលពួកគេត្រូវធ្វើ” ។
“ជាឧទាហរណ៍ នៅរដ្ឋអូស្រ្តាលីខាងត្បូង ពួកគេម្នាក់ៗត្រូវបានទាក់ទង ពួកគេត្រូវបានប្រាប់ពីអ្វីដែលពួកគេត្រូវធ្វើ ហើយវាអាស្រ័យលើការកំណត់អាការ។

People wearing face masks after picking up food in Brisbane. Source: AAP Image/Florent Rols / SOPA Images/Sipa USA
“ដូច្នេះ អ្នកខ្លះប្រសិនបើពួកគេមានរោគសញ្ញាមួយចំនួន ពួកគេនឹងត្រូវបានប្រាប់ ថាតើពួកគេត្រូវការនៅដាច់ដោយឡែកពីគេយូរប៉ុណ្ណា។ ការដែលនិយាបែបនោះ មានអ្នកខ្លះ ជាឧទាហរណ៍ បុគ្គលិកសុខាភិបាលខ្លះ ដែលចាំបាច់ត្រូវធ្វើតេស្ត អាចត្រូវការពេលវេលាស្នាក់នៅដាច់ដោយឡែកពីគេយូរ មុនពេលពួកគេអាចចូលទៅធ្វើការវិញបាន។"
ចុះប្រសិនបើអ្នកមិនស្រួលខ្លួន?
Dr Moy បានឲ្យដឹងថា អ្នកដែលផ្តាច់ខ្លួននៅដាច់ដោយឡែកពីគេ ត្រូវត្រួតពិនិត្យខ្លួនឯង និងស្វែងរកជំនួយវេជ្ជសាស្រ្តបន្ថែមប្រសិនបើ លក្ខខណ្ឌរបស់ពួកគេកាន់តែធ្ងន់ធ្ងរឡើង។
“មិនថាអ្នកនៅផ្ទះឬអត់ សម្រាប់រយៈពេលដែលអ្នកត្រូវបានណែនាំនោះទេ ប្រសិនបើអ្នកឈឺកាន់តែខ្លាំង អ្នកត្រូវស្វែងរកការព្យាបាល និងទូរសព្ទ ឬទាក់ទងនរណាម្នាក់ជាបន្ទាន់ ដើម្បីទទួលបានដំបូន្មាន ថាតើ អ្នកត្រូវការបង្កើនការថែទាំបន្ថែមទៀតដែរឬទេ។”
“វាអាចពាក់ព័ន្ធនឹងការចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ប្រសិនបើអ្នកកំពុងតែវិវត្តន៍ទៅជាជំងឺផ្លូវដង្ហើមដែលគួរឲ្យខ្លាច។”
ដូច្នេះមិនមែនគ្រប់គ្នាត្រូវទៅមន្ទីរពេទ្យទេឬ?
មិនមែនគ្រប់គ្នាដែលធ្វើតេស្តឃើញវីរុសកូរ៉ូណាវិជ្ជមានគួរទៅមន្ទីរពេទ្យនោះទេ។
Dr. Moy ព្រមានថា សម្រាប់អ្នកដែលមិនឈឺធ្ងន់ ការទៅសម្រាកនៅពេទ្យអាចនឹងខ្ជះខ្ជាយធនធានដ៏មានតម្លៃនេះ។
“ខ្ញុំមានន័យថា លទ្ធភាពគឺមានកម្រិត” លោកបញ្ជាក់។ ហើយមានបញ្ហាពីរនៅក្នុងនោះ។ ទីមួយនោះគឺខ្ជះខ្ជាយធុនធានមន្ទីរពេទ្យ ដែលនឹងត្រូវការនៅពេលក្រោយ។ ហើយ ខណៈដែលចំនួនកាន់តែច្រើនឡើង វានឹងមិនអាចធ្វើទៅបានឡើយ។”
“រឿងមួយទៀតគឺថា វាសមហេតុផលណាស់ដែលអាចនៅផ្ទះបានហើយមិននាំមេរោគចូលមន្ទីរពេទ្យ ដែលក្រោយមកនឹងត្រូវព្យាបាលអ្នកដោយឧបករណ៍ការពារខ្លួនមួយចំនួន ដែលត្រូវការដើម្បីចាត់ចែងលើរូបអ្នក ខណៈដែលអ្នកអាចមានសុខភាពល្អនៅឡើយ។"
ចុះចំពោះធនធានសុខាភិបាលតាមប្រព័ន្ធទូរគមនាគមន៍វិញ?
ក្នុងពេលមានវិបត្តិជំងឺវីរុសកូរ៉ូណានេះ រដ្ឋាភិបាលសហព័ន្ធបានដាក់ប្រាក់ចូលក្នុងការពង្រីកលទ្ធភាពនៃប្រព័ន្ធសុខាភិបាលតាមទូរគមនាគមន៍ “Telehealth” ដែលអនុញ្ញាតឱ្យប្រជាជននៅអូស្ត្រាលីទាក់ទង និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតពីចម្ងាយបាន។
លោកវេជ្ជបណ្ឌិតMoyមានប្រសាសន៍ថា វិធីនេះល្អសម្រាប់វេជ្ជបណ្ឌិត និងអ្នកជំងឺកូវីដ១៩ដែលផ្តាច់ខ្លួននៅដាច់ដោយឡែកពីគេ ដែលទទួលបានអត្ថប្រយោជន៍ពីសេវាកម្មនេះ។
"តាមពិត Telehealth អនុញ្ញាតឱ្យយើងគ្រប់គ្រងបញ្ហានេះបានយ៉ាងល្អគួរសម។ លោកថា តាមពិត វាមិនពិបាកក្នុងការចូលទៅប្រើប្រាស់សេវាកម្ម Telehealth ឡើយ ទោះបីជាអ្នកដែលធ្ងន់ធ្ងរក៏ដោយ” ។
“ឥឡូវនេះ ពេលខ្លះ ពួកគេនឹងត្រូវការការពិនិត្យឱ្យបានត្រឹមត្រូវ ហើយពួកគេនឹងត្រូវការកាំរស្មី X-Ray. ។ នោះហើយជាកន្លែងដែលវាកាន់តែពិបាក។ ប៉ុន្តែវាអាស្រ័យលើស្ថានភាពរបស់អ្នកជំងឺ និងករណីរបស់បុគ្គលនីមួយៗ។”
តើអូស្រ្តាលីធ្វើបានល្អប៉ុណ្ណាក្នុងការពង្រាបខ្សែកោងនេះ?
ឃ្លាថា "ពង្រាបខ្សែកោងនេះ" ឬ "flattening the curve" បានក្លាយជាពាក្យធម្មតាមួយនៅក្នុងសទ្ទានុក្រមអូស្ត្រាលីក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
អ្វីដែលឃ្លានេះសំដៅដល់នោះគឺ ការកាត់បន្ថយការឆ្លងរាលដាលនៃ កូវីដ -១៩ និងការកើនឡើងនៃអត្រាឆ្លង ដើម្បីរក្សាវាឲ្យស្ថិតនៅក្នុងចន្លោះធនធានដែលមានក្នុងប្រព័ន្ធសុខាភិបាល ដើម្បីព្យាបាលប្រជាជន។
“ ជារួមមក ខ្ញុំសង្ឃឹមថា យើងកំពុងចាប់ផ្តើមមើលឃើញផ្នែកដ៏ធំមួយនៃការជម្រុញទូទៅ បើនិយាយពីយុទ្ធសាស្ត្រនៃ ការរក្សាគម្លាតនៅក្នុងសង្គម និងការផ្តាច់ខ្លួនឯងនៅដាច់ដោយឡែកពីគេ ដែលត្រូវបានអនុវត្តនៅទូទាំងប្រទេសអូស្រ្តាលី។ យើងសង្ឃឹមថា យើងនឹងចាប់ផ្តើមមើលឃើញ ដើមដំបូងនៃការពង្រាបខ្សែកោងនេះ។”
ប៉ុន្តែលោកវេជ្ជបណ្ឌិត Moy ក៏ព្រមានផងដែរថា ប្រជាជនអូស្រ្តាលីនៅមិនទាន់អាចព្រលែងដៃបាននៅឡើយនោះទេ ហើយការប្រុងប្រយ័ត្នត្រូវតែមានជាចាំបាច់នៅក្នុងអាកប្បកិរិយារបស់ប្រជាជន។
ព័ត៌មានបន្ថែមអំពីអ្វីដែលអ្នកគួរធ្វើប្រសិនបើអ្នកគិតថាអ្នកមានកូវីដ១៩ ឬទទួលបានលទ្ធផលតេស្តវិជ្ជមាននោះ អាចរកបាននៅលើគេហទំព័រ៖ ។
ប្រជាជននៅក្នុងប្រទេសអូស្ត្រាលី ត្រូវស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១,៥ ម៉ែត្រ ហើយការជួបជុំគ្នាត្រូវបានកំណត់ត្រឹមតែមនុស្សពីរនាក់ លើកលែងតែអ្នកនៅជាមួយក្រុមគ្រួសាររបស់អ្នក ឬអ្នកដែលនៅផ្ទះជាមួយអ្នក។
ប្រសិនបើអ្នកជឿជាក់ថា អ្នកបានឆ្លងវីរុសនេះ សូមទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក (សូមកុំទៅជួបផ្ទាល់) ឬទាក់ទងតាមលេខទូរស័ព្ទទំនាក់ទំនងព័ត៌មានសុខភាពស្តីពីវីរុសកូរ៉ូណាជាតិ តាមទូរស័ព្ទលេខ ១៨០០ ០២០ ០៨០ ។
SBSប្តេជ្ញាជូនដំណឹងដល់សហគមន៍ចម្រុះអូស្រ្តាលី អំពីការវិវត្តន៍ថ្មីៗនៃកូវីដ១៩ ។ ដំណឹងនិងព័ត៌មានជូនជាភាសាចំនួន៦៣ភាសា មាននៅលើគេហទំព័រ៖ ៕