សេ្នហា​ និង​ទិដ្ឋាការ​ដៃ​គូ​អំឡុង​ពេល​មាន​រោគ​រាត​ត្បាត​ COVID-19

វិធានការដាក់កំហិតការធ្វើដំណើរ និងការរក្សាគម្លាតអំឡុងពេលមានរោគរាតត្បាត COVID-19 ធ្វើឲ្យការវិនិច្ឆ័យលើពាក្យស្នើសុំទិដ្ឋាការមានការពន្យាពេលសម្រាប់អ្នកដាក់ពាក្យស្នើសុំទិដ្ឋាការដៃគូទាំងក្នុង និងក្រៅប្រទេសអូស្ត្រាលី។ បើតាមវិទ្យាស្ថានអន្តោប្រវេសន៍អូស្ត្រាលី មានតែពាក្យស្នើសុំតែពាក់កណ្តាលប៉ុណ្ណោះដែលបានដាក់សុំកាលពីឆ្នាំហិរញ្ញវត្ថុមុនត្រូវបានធ្វើការសម្រេច។

Holding hands

Source: Getty Images/John M Lund Photography Inc

  • អ្នកកាន់ទិដ្ឋាការប្រភេទដៃគូមិនអាចចូលមកប្រទេសអូស្ត្រាលីបានទេទោះបីជាទទួលបានការផ្តល់ជូនទិដ្ឋាការអនុញ្ញាតឲ្យស្នាក់នៅ 9ខែក៏ដោយ

  • ការវិនិច្ឆ័យលើការផ្តល់ជូនទិដ្ឋាការមានការពន្យាពេលច្រើនដោយសារតែការបិទទ្វារ និងការហាមឃាត់ការធ្វើដំណើរ។

  • អ្នកដាក់ពាក្យសុំទិដ្ឋាការប្រភេទដៃគូមួយចំនួនតូចនៅតែអាចចូលមកប្រទេសអូស្ត្រាលីដោយប្រើទិដ្ឋាការទេសចរណ៍

លោក John Hourigan, នាយក​ប្រចាំ​ប្រទេស​នៃ​វិទ្យា​ស្ថាន​អន្តោប្រវេសន៍​អូស្ត្រាលី​មាន​ប្រសាសន៍ថា ក្នុង​ចំណោម​ពាក្យ​ដាក់​ស្នើ​សុំ​ទិដ្ឋាការ​ដៃ​គូ​ចំនួន 85000 ពាក្យ​ដែល​រៀប​តាម​លេខ​រៀង​ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ មាន​តែ​ពាក្យសុំ​ចំនួន 40000 ប៉ុណ្ណោះ​ដែល​គេ​បាន​ធ្វើ​ការ​សម្រេច​កាល​ពី​ឆ្នាំ មុន​នេះ។

នៅ​ក្នុង​បរិយាកាស​មាន​រោគ​រាត​ត្បាត COVID-19 គេ​រំពឹង​ថា​ការ​វាយ​តម្លៃ​លើ​ពាក្យ​សុំ​ទិដ្ឋាការ​នឹង​មាន​ការ​ពន្យា​ពេល​បន្ថែម​ច្រើន​ជាង​ពេល​ធ្វើ​ការ​វាយ​តម្លៃ​ធម្មតា​ដែល​ត្រូវ​ការ​ពេល 18 ខែ។

នេះមានន័យថាអ្នកនឹងត្រូវរង់ចាំច្រើនជាង ២ឆ្នាំ នៅក្នុងការដាក់ពាក្យសុំទិដ្ឋាការប្រភេទដៃគូនេះ។

Couple kissing
Source: Getty Images/Maskot
លោកស្រី Maggie Taaffe ប្រធាន​មេធាវី និង​ជា​ភ្នាក់​ងារ​អន្តោប្រវេសន៍​នៅ​ក្រុម​អ្នក​ច្បាប់​អន្តោប្រវេស AHWC មាន​ប្រសាសន៍ថា ការគោរព​គោលការណ៍​មិន​ស៊ីសង្វាក់​គ្នា និងកង្វះ​ខាត​តម្លាភាព​ក្នុង​ការ​ចេញ លទ្ធផល​ស្នើ​សុំ​ទិដ្ឋាការ បណ្តាល​ឲ្យ​អតិថិជន​របស់​នាង​មាន​ភាព​អន្ទះសារ និង​តានតឹង​ផ្លូវ​អារម្មណ៍ ហើយ​មិន​អាច​ទៅ​លេងដៃ​គូ​របស់​គេនៅ​អូស្ត្រាលី ឬ​នៅ​ក្រៅ​ប្រទេស។

លោកស្រី​បន្តថា​អាម្មណ៍​ឯកា​គឺជា​អ្វី​ដែល​អតិថិជន​ភាគ​ច្រើន​របស់​លោកស្រី​បាន​ប្រាប់ ខណៈ​ដែល​អតិថិជន​មួយចំនួន​មាន​ការ​ខ្វះ​ខាត​ថវិកា ហើយ​មួយចំនួន​ទៀត​មាន​ការ​ព្រួយបារម្ភពីការ​ចាប់​ផ្តើម​កសាង​គ្រួសារ​ខណៈ​ពេល​ដែល​គេ​មាន​វ័យ​កាន់​តែ​ចាស់​ពេល​រង់​ចាំ​លទ្ធ​ផល​ស្នើ​សុំ​ទិដ្ឋាការ។

យើងក៏មានអតិថិជនជួបបញ្ហាផ្លូវចិត្ត ពីព្រោះគេមិនដឹងថាតើនីតិវិធីក្នុងការស្នើសុំនេះនឹងត្រូវបញ្ចប់នៅពេលណា។

លោក Hourigan បន្តថា​អ្នក​ដាក់​សុំទិដ្ឋាការ​ដៃ​គូ​នៅ​ក្រៅ​ប្រទេស​ក៏​នៅ​តែ​អាច​ធ្វើ​ដំណើរ​មក​អូស្ត្រាលី​បាន​ផង​ដែរដោយ អ្នក​ដាក់​ពាក្យ​សុំ​អាច​ស្នើសុំ​ទិដ្ឋាការ​​ទេសចរណ៍ដោយ​ស្នើសុំ​ការ​អនុញ្ញាត​ពី​ស្នង​ការ​ ​ការ​ពារ​ព្រំ​ដែន​អូស្ត្រាលី​ដើម្បី​ធ្វើ​ដំណើរ ហើយ​ការ​អនុញ្ញាត​នេះ​អាច​ធ្វើ​ឡើង​អាស្រ័យ​ទៅលើ​ការ​ដាក់​ឯកសារ​សុំ​ដើម្បី​បញ្ជាក់​ថា​គេ​មាន​ទំនាក់​ទំនង​ជា​ ​ដៃ​គូ​ជាមួយពលរដ្ឋអូស្ត្រាលី ឬ​អ្នក​មាន​លំនៅ​អចិន្ត្រៃយ៍។

ទាំង​លោក Hourigan និង​លោកស្រី Taaffe បន្តថា តាម​បទ​ពិសោធន៍​ការងារ​ គេ​សង្កេត​ឃើញថា​អ្នក​ស្នើ​សុំ​ទិដ្ឋាការ​ដៃ​គូ​មាន​ការ​លំបាក​មែន​ទែន​ក្នុង​ការ​ស្នើ​សុំ​ការ​លើក​លែង​ដើម្បី​ធ្វើ​ដំណើរ​មក​អូស្ត្រាលី​ក្នុង​អំឡុង​ពេល​មាន​រោគ​រាត​ត្បាត​នេះ។ លោកស្រី Taaffe បន្ត​ថា​ទោះបីជា​អ្នក​ស្នើសុំ​ទិដ្ឋាការ​ដៃ​គូ​មាន​ទិដ្ឋាការ​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​ដៃគូ​របស់​ខ្លួន​នៅ​អូស្ត្រាលី​ក៏​មាន​ការ​លំបាក​ក្នុង​ការ​ស្នើ​សុំ​ការ​លើក​លែង​ដើម្បី​ធ្វើ​ដំណើរ​ដែរ។

ពួកគេកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលគេមានរយៈពេលតែ 9ខែដើម្បីធ្វើដំណើរមកអូស្ត្រាលី ដូចនេះទិដ្ឋាការរបស់គេអាចនឹងផុតកំណត់សម្រាប់អ្នកកាន់ទិដ្ឋាការប្រភេទដៃគូមួយចំនួន។

ទោះបីជា​លោកស្រី Taaffe ក៏មាន​ការ​បារម្ភផង​ដែរ​ថា​អ្នក​ដែល​ទទួល​បាន​ទិដ្ឋាការ​ប្រភេទ​ដៃ​គូ​រួច​ហើយ​អាច​នឹង​​ត្រូវ​ធ្វើ​ការ​ស្នើ​សុំ​ឡើង​វិញ​បន្ទាប់​ពី​ការ​ហាម​ប្រាម​ក្នុង​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​លើក​លែង ប៉ុន្តែ​លោក Hourigan យល់​ឃើញ​ផ្ទុយ​ពីនេះ ដោយ​លោក​គិត​ថា​ក្រសួង​អន្តោប្រវេសន៍​អាច​នឹង​ចេញ​ទិដ្ឋាការ​ឲ្យ​ឡើង​វិញ។

ករណីមួយចំនួន គេអាចផ្តល់សេចក្តី ជូនដំណឹងពីបំណងក្នុងការរៀបអាពាហ៍ពិពាហ៍។


Grounded Qantas fleet
Source: AAP Image/Darren England
ការ​ដាក់​ពាក្យ​ស្នើ​សុំ​ទិដ្ឋាការ​ពីក្រៅ​ប្រទេស​គ្មាន​ភាព​ងាយ​ស្រួល​នោះ​ទេ។ បុរស​មាន​ដើម​កំណើត​នៅ​ប្រទេស​ពេរ៉ូលោក Luciano និង​ដៃ​គូ​របស់​គាត់​ជាជន​ជាតិ​អូស្ត្រាលីអ្នក​ស្រី Drew បាន​ដាក់​ពាក្យស្នើ​សុំ​ទិដ្ឋាការ​កាល​ពីជាង​៥ឆ្នាំ​មុន។

ដោយ​សារ​តែ​លោក Luciano បាន​ស្នាក់​នៅ អូស្ត្រាលី​លើស​ការ​កំណត់​ពី​ទិដ្ឋាការ​របស់​លោក (overstayed) មុន​ពេល​លោក​បាន​ជួប​ជាមួយអ្នកនាង Drew ​ ដំបូងពាក្យ​ស្នើ​សុំ​ទិដ្ឋាការ​របស់​គេ​ត្រូវ​បាន​បដិសេធ និង​ត្រូវ​បញ្ជូន​ទៅ​តុលាការ Administrative Appeals Tribunal ហៅកាត់​ថា AAT ដើម្បី​ធ្វើ​ការ​សើរើ​ពិនិត្យ​ឡើង​វិញ បន្ទាប់​មក​ត្រូវ​បញ្ជូន​ទៅ Federal Circuit Court ហើយ​ក្រោយ​មក​ទៀត​ត្រូវ​បញ្ជូន​មក AAT ជាថ្មី​ម្តង​ទៀត។ អ្នក​នាង​ Drew បន្ត​ថា អ្នកដាក់​ពាក្យ​សុំ​តែង​តែ​គិត​ថា​នីតិវិធី​នេះគ្រាន់​តែ​បំពេញ​ទម្រង់​បែបបទ​តែ​ពីរ​បី​ទំព័រ​ប៉ុណ្ណោះ ប៉ុន្តែ​តាម​ពិត​វាជា​នីតិវិធី​ដ៏​វែង​អន្លាយ និង​ត្រូវ​ចំណាយ​ពេល​ និង​ថវិកា​ដ៏​ច្រើនក្នុង​ករណី របស់​ពួកគេ។

តើអ្នកគេងលើគ្រែប្រភេទអ្វី? តើដៃគូរបស់អ្នកប្រើច្រាសដុសធ្មេញអ្វី? តើអ្នកមានសម្ភារៈធ្វើពីស្បែកទេ? មន្ត្រីវិនិច្ឆ័យលើពាក្យសុំទិដ្ឋាការក៏អាចមើលការផ្ញើសារទៅវិញទៅមកផងដែរ។ គេអាចមើលលើប្រវត្តិទូរស័ព្ទទាក់ទងគ្នា។ និយាយរួមគេសួរគ្រប់យ៉ាងដែលពេលខ្លះអ្នកគិតមិនដល់ផង។


Luciano and Drew
Luciano and Drew Source: Supplied
លោក Hourigan ​ បន្ត​ថាការ​ដាក់​ពាក្យសុំ​ប្រក​ប​ដោយ​ជោគជ័យ​អាស្រ័យ​ទៅលើ​ថា​តើ​អ្នក​បាន​ត្រៀម​រៀបចំ​ឯកសារ​បាន​ត្រឹម​ត្រូវ​ប៉ុណ្ណា​ស្តីពីទំនាក់​ទំនង​ស្នេហានេះ ដោយ​រួម​ទាំង​ភស្តុ​តាង​ស្តីពី ការ​បន្ត​ការ​ទាក់​ទង​គ្នា​នៅ​ពេល​រស់​នៅ បែកគ្នា សាច់​ប្រាក់​ចេញ​ចូល​ក្នុង​ធនាគារ និង​វិក័យ​ប័ត្រ​ចំណាយ​ថ្លៃ​ផ្ទះ​ដែល​មាន​ចែក​គ្នា​ចេញជាដើម។

បើ​តាម​លោកស្រី Taaffe បន្ត​ថា​ពេល​ដែលគេ​បាន​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​រួច​ហើយ អ្នក​ដាក់​ពាក្យ​សុំ​ក៏​ត្រូវ​បញ្ជូន​នូវ​ឯកសារ​មួយចំនួន​ទៀត​ផង​ដែរ​ដូចជា​លិខិត​ថ្កោល​ទោស ការ​ពិនិត្យ​សុខភាព​ជាដើម។

ចំណុច​ដែល​លំបាក​មួយ​ទៀត​នោះ​គឺ​លិខិត​ថ្កោល​ទោស​បញ្ជាក់​ពីអត្តចរិត និង​លិខិត​ពិនិត្យ​សុខភាព​នេះ​មាន​សុពល​ភាព​តែ 12ខែ​ប៉ុណ្ណោះ។ លោកស្រី Taaffe បន្ត​ថា​ការ​រៀបចំ​ឯកសារ​ឲ្យ​ចំ​ពេល​វេលា​មិន​មែន​ជាការ​ងាយ​ស្រួល​នោះទេ ហើយវាកាន់​តែ​មាន​ការ​លំបាក​ថែម​ទៀត​ពេល​មាន​រោគ​រាត​ត្បាត កូវីដ 19នេះ ជា​ពិសេស​សម្រាប់​អ្នក​ដាក់​ពាក្យសុំ​ដែល​ចាំ​បាច់​ត្រូវ​រៀបចំ ​ការ​ផ្តិត​យក​ក្រយៅដៃ​នៅ​ក្រៅ​ប្រទេស។

អ្នកនាង Drew ផ្តល់​ជា​យោបល់​ថា​អ្នក​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ប្រភេទ​ដៃ​គូ​គួរ​តែ​ស្វែង​រក​ជំនួយ​ផ្នែក​ច្បាប់ និង​ចំណាយ​ពេល​ត្រៀមឯកសារ​ផ្សេងៗ​ដើម្បី​ជៀសវាង​ការ​ចំណាយ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ដោយ​ចំណាយ​ពេល​រាប់​សិប​ឆ្នាំ។ ក្រសួង​អន្តោ​ប្រវេសន៍​មិន​បាន​ឆ្លើយ​តប​ទៅនឹង​សំណួរ​ទាក់​ទង​នឹងរយៈពេល​នៃការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​​ប្រភេទ​ ដៃ​គូឡើយ។

ប្រសិនបើរយៈពេលធ្វើការវិនិច្ឆ័យលើពាក្យស្នើសុំទិដ្ឋាការនេះត្រូវគេប្រាប់ថាពី 21-28 ខែ នោះក្រសួងអន្តោប្រវេសន៍នឹងមិនឆ្លើយតបនឹងសំណួរផ្សេងៗមុនពេលចប់ខែទី 28 នោះឡើយ។

ទាំង​លោកស្រី Taaffe and Hourigan បាន​ផ្តល់​ជា​យោបល់​ថា​ក្នុ​ងអំឡុង​ពេល​រង់​ចាំ​នេះ​យក​ល្អ​ត្រូវ​បន្ត​ដាក់​ជូន​នូវ​ឯកសារ​គាំ​ទ្រ​លើ​ពាក្យ​ស្នើ​សុំ​របស់​អ្នក​រហូតដូច​ជា​កំណត់​ត្រា​ពី​ការ​ទាក់​ទង​គ្នា​តាម​អ៊ីម៉េល និង​តាម​ប្រព័ន្ធ​សង្គម​ជាដើម។

លោកស្រី Taaffe ក៏​ផ្តល់​ជា​យោបល់​ផង​ដែរថា​ អ្នកដាក់​ពាក្យសុំ​ទិដ្ឋាការ​ប្រភេទ​ដៃ​គូរ​គួរ​តែ​ចុះ​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​នៅ​តាម​រដ្ឋ​ ឬ​ដែន​ដី​ដែល​គេ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន ដើម្បី​​ជួយ​ឲ្យ​ឱកាស​ក្នុង​ការ​ទទួល​បាន​ជោគ​ជ័យ​លើ​ការ​ដាក់​ពាក្យ​សុំ​កាន់​តែ​ប្រសើរ ហើយ​ប្រហែល​ជា​អាច​ស្នើ​សុំ​ការ​លើក​លែង​ដើម្បី​ធ្វើ​ដំណើរ​ទៀត​ផង។​

ជាមួយគ្នា​នេះ​ផង​ដែរ​លោក Luciano បាន​ទទួល​សិទ្ធិ​ធ្វើ​ការងារ​ជា​ចុង​ភៅ​ពេល​លោក​ទទួល​បាន​ទិដ្ឋាការ bridging visa។ លោក​ជឿ​ថា​ដរាប​ណា​លោក​នៅ​តែ​គិត​វិជ្ជមាន​ នោះ​ទីបំផុត​លោក​នឹង​ទទួល​បាន​ទិដ្ឋាការ។ ចំណែក​ឯអ្នក​នាង Drew ​វិញក៏​សង្ឃឹម​ថានឹង​ទទួល​បាន​ភាព​ច្បាស់​លាស់​មួយ​ដើម្បី រៀបចំ​ផែន​ការ​អនាគត​ជាមួយដៃ​គូ​របស់​នាង។

សូមបញ្ជាក់ថាដំណើរការក្នុងការដាក់ពាក្យសុំទិដ្ឋាការរបស់លោក Luciano and Drew’s ព្រមទាំងរឿងរ៉ាវពិតផ្សេងទៀតនៃដំណើរការដាក់ពាក្យសុំ ដែលជារឿងបែបឯកសារស្តីពី តើនរណានឹងអាចរស់នៅអូស្ត្រាលីបាន “Who gets to stay in Australia” ត្រូវបានចាក់ផ្សាយរួចមកហើយនៅ លើទូរទស្សន៍ SBS កាលពី ថ្ងៃពុធទី១ ខែកក្កដាកន្លងទៅនេះ។


Travel ban
Source: AAP Image/EPA/JAGADEESH NV
សូម​បញ្ជាក់​ថា​ការ​ផ្តល់​យោបល់​ផ្សេងៗ​ដែល​មាន​នៅក្នុង​អត្ថបទ​នេះ​គ្រាន់​តែ​ជា​ការ​ផ្តល់​យោបល់​ទូទៅ​ប៉ុណ្ណោះ ហើយ​មិន​ត្រឹម​ត្រូវ​គ្រប់​កាលៈ​ទេសៈ​នោះ ទេ។ ប្រសិន​បើ​អ្នក​មាន​ការ​ព្រួយបារម្ភ​ពី​ទិដ្ឋាការ​របស់​អ្នក ជា​ការ​ប្រសើរ​ក្នុង​ការ​ស្វែង​រក​យោបល់​ផ្នែក​ច្បាប់​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។


Share
Published 3 July 2020 7:27pm
Updated 3 July 2020 7:29pm
By Amy Chien-Yu Wang


Share this with family and friends