ពេលខ្លះសមត្ថភាពក្នុងការសន្ទនាជាភាសាអង់គ្លេសរបស់អ្នកមានការខ្វះខាត។ ការទំនាក់ទំនងជាមួយអ្នកជំនាញដូចជាវេជ្ជបណ្ឌិត មេធាវី ឬភ្នាក់ងាររដ្ឋាភិបាលជាដើមអាចមានការលំបាកសម្រាប់ជនអន្តោប្រវេសន៍ពេញវ័យមកតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលី។ ក្រសួងមហាផ្ទៃអូស្ត្រាលីផ្តល់សេវាកម្មបកប្រែផ្ទាល់មាត់សម្រាប់ជនទាំងឡាយណាដែលមានចំណេះដឹងភាសាអង់គ្លេសតិចតួច។ មិនតែប៉ុណ្ណោះជនអន្តោប្រវេសន៍មួយចំនួនក៏អាចទទួលបានសេវាកម្មបកប្រែឯកសារដើម្បីជួយកាត់បន្ថយចំណាយក្នុងដំណើរការនៃការតាំងទីលំនៅរបស់គេផងដែរ។
សេវាកម្មបកប្រែផ្ទាល់មាត់
សេវាកម្មបកប្រែឯកសារ និងបកប្រែផ្ទាល់មាត់ជាតិ ហៅកាត់ថា (TIS National) ផ្តល់ជូននូវសេវាកម្មបកប្រែផ្ទាល់មាត់ដោយមិនគិតថ្លៃសម្រាប់ជនទាំងឡាយណាដែលមិនអាចនិយាយភាសាអង់គ្លេសបានស្ទាត់ជំនាញ ហើយត្រូវធ្វើការទាក់ទងជាមួយភ្នាក់ងាររដ្ឋាភិបាល ឬផ្នែកឯកជន។
មានបណ្តាក្រុមហ៊ុនជាង 22000 ក្រុហ៊ុនដែលបានចុះឈ្មោះជាមួយ (TIS National) ដោយរួមបញ្ចូលទាំងរដ្ឋាភិបាលថ្នាក់រដ្ឋ ថ្នាក់សហព័ន្ធ រដ្ឋាភិបាលក្នុងតំបន់ វេជ្ជបណ្ឌិត ឱសថការី ក្រុមហ៊ុនសេវាកម្ម ក្រុមហ៊ុនទូរគមនាគមន៍ សេវាកម្មសង្រ្គោះបន្ទាន់ សេវាកម្មផ្លូវច្បាប់ ព្រមទាំងអ្នកផ្តល់សេវាកម្មផ្នែកតាំងទីលំនៅនៅតាមសហគមន៍ផងដែរ។
លោកស្រី Rockiya Pirova នាយកប្រតិបត្តិ TIS National។ លោកស្រីបន្តថាកម្មវិធីនេះបានចុះកិច្ចសន្យាជាមួយអ្នកបកប្រែជាង 3000នាក់ ដែលអាចបកប្រែបានជាង 160 ភាសានៅទូទាំងប្រទេសអូស្ត្រាលី។
TIS National ដំណើរការ 24 ម៉ោងក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ។
សេវាកម្មរបស់កម្មវិធី នេះមានផ្តល់ជូនដូចជា ការបកប្រែតាមទូរស័ព្ទភ្លាមៗ ការបកប្រែតាមទូរស័ព្ទដោយមានការកក់ទុកជាមុន និងការបកប្រែផ្ទាល់មាត់ដល់ទីកន្លែង។
ដើម្បីទទួលបានសេវាបកប្រែផ្ទាល់មាត់តាមទូរស័ព្ទសូមទូរស័ព្ទទៅកាន់ TIS National តាមលេខ 131 450។
នៅពេលដែលគេភ្ជាប់ខ្សែទូរស័ព្ទទៅអ្នកបកប្រែតាមភាសាដែលអ្នកបានស្នើសុំហើយ អ្នកត្រូវផ្តល់ឈ្មោះស្ថាប័ន និងលេខទូរស័ព្ទស្ថាប័នដែលអ្នកត្រូវទាក់ទង មុនពេលអ្នកអាចចាប់ផ្តើមធ្វើការសន្ទនាដោយមានការបកប្រែ។
ភ្នាក់ងារជាច្រើនដែលបានចុះឈ្មោះជាមួយ TIS National នឹងទទួលយកថ្លៃបកប្រែ ដូចនេះអ្នកមិនចាំបាច់បង់ថ្លៃនោះទេ។ ប៉ុន្តែក្នុងករណីដែលស្ថាប័នដែលអ្នកត្រូវទាក់ទងនោះមិនទទួលយកថ្លៃបកប្រែ អ្នកត្រូវបើកគណនេយ្យផ្ទាល់ខ្លួនជាមួយ TIS National និងបង់ថ្លៃបកប្រែដោយខ្លួនឯង។
សេវាកម្មបកប្រែតាមទូរស័ព្ទដោយមានការកក់ទុកជាមុនមានភាពងាយស្រួលនៅពេលអ្នកត្រូវការធ្វើការទំនាក់ទំនងដែលមានភាពស្មុគ្រស្មាញ ឬនៅពេលដែលអ្នកចង់ធានាថាអ្នកបកប្រែអាចមានលទ្ធភាពបកប្រែឲ្យបានសមស្របតាមលក្ខណៈស្មុគ្រស្មាញនៃកិច្ចការអ្នក។
យើងក៏អាចផ្តល់ជូនសេវាដែលផ្តល់នូវការសម្ងាត់ និងផ្តល់ជូនអ្នកបកប្រែតាមការស្នើសុំរបស់អតិថិជនបានផងដែរ។
អ្នកអាចធ្វើការកក់អ្នកបកប្រែតាមទូរស័ព្ទជាមុនបានតាមរយៈការបំពេញទម្រង់បែបបទកក់អ្នកបកប្រែ តាមគេហទំព័រ TIS National ។ ការកក់អ្នកបកប្រែតាមទម្រង់បែបបទនេះត្រូវធ្វើឡើងឲ្យបានយ៉ាងហោចណាស់ 24 ម៉ោងមុនពេលដែលស្នើសុំ ឬអាចធ្វើការកក់ទុកមុនរហូតដល់ 90 ថ្ងៃមុនពេលអ្នកត្រូវការអ្នកបកប្រែ។
នៅពេលការបកប្រែតាមការទូរស័ព្ទមិនសមស្របតាមការចង់បានរបស់អ្នក TIS National ក៏អាចរៀបចំផ្តល់សេវាកម្មបកប្រែដល់ទីកន្លែងបានផងដែរ។ សេវាកម្មបកប្រែដល់ទីកន្លែងនេះនឹងតម្រូវឲ្យបង់ថ្លៃ ហើយតម្លៃគិតទៅតាមសេវាកម្មដែលផ្តល់ជូន។
ជាទូទៅការកក់អ្នកបកប្រែដល់ទីកន្លែងធ្វើឡើងដោយស្ថាប័នដែលត្រូវរៀបចំ កិច្ចពិភាក្សាជាមួយអតិថិជនរបស់គេដែលមិនអាចសន្ទនាជាភាសាអង់គ្លេសបាន។ សេវាកម្មនេះមានផ្តល់ជូនគ្រប់ទីកន្លែងទាំងអស់នៅប្រទេសអូស្ត្រាលី ដរាបណាមានអ្នកបកប្រែនៅទីនោះ។
សេវាកម្មបកប្រែឯកសារសរសេរ
ក្រសួងមហាផ្ទៃផ្តល់ជូននូវការបកប្រែឯកសាររហូតដល់ទៅ 10ឯកសារដោយមិនគិតថ្លៃសម្រាប់អ្នកមកតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលី។ សម្រាប់អ្នកដែលមានទិដ្ឋាការអចិន្ត្រៃយ៍ភាគច្រើន ព្រមទាំងអ្នកដែលមានទិដ្ឋាការបណ្តោះអាសន្ន ដែលទទួលបានទិដ្ឋាការក្នុងអំឡុងពេល 2ឆ្នាំមុនអាចទទួលបានសេវាកម្មបកប្រែដោយមិនគិតថ្លៃនេះ។
ពលរដ្ឋអូស្ត្រាលី ព្រមទាំងជនទាំងឡាយណាដែលកំពុងកាន់ bridging visas ទិដ្ឋាការអ្នកទេសចរណ៍ និងទិដ្ឋាការប្រភេទ working holiday មិនអាចទទួលបានសេវាកម្មនេះទេ។
ប្រភេទឯកសារដែលស្នើសុំបកប្រែអាចរួមមាន ឯកសាសំគាល់អត្តសញ្ញាណ ឯកសារពេទ្យ ជំនួញ ប្រវត្តិការងារ និងអប់រំ ព្រមទាំងសំបុត្រអាពាហ៍ពិពាហ៍ លែងលះ សំបុត្រមរណៈភាព និងឯកសារព្រឹត្តប័ត្រពិន្ទុជាដើម។
ប្រសិនបើអ្នកមិនអាចទទួលបានសេវាបកប្រែដោយមិនគិតថ្លៃ ឬអ្នកត្រូវការបកប្រែច្រើនជាង10ឯកសារ អ្នកអាចរកក្រុមហ៊ុនបកប្រែជាច្រើនដើម្បីឲ្យជួយបកប្រែ។
នៅពេលជ្រើសរើសអ្នកបកប្រែ សូមប្រាកដថាអ្នកបកប្រែនោះទទួលស្គាល់ដោយ អាជ្ញាធរផ្តល់អាជ្ញាប័ណ្ណដល់អ្នកបកប្រែហៅកាត់ថា NAATI ។
ស្ថាប័នរដ្ឋាភិបាល សាកលវិទ្យាល័យនៅអូស្ត្រាលី និងនិយោជកត្រូវការឯកសារបកប្រែដែលមានត្រាទទួលស្គាល់ដោយ NAATI ។ នាយកប្រតិបត្តិ NAATI លោក Mark Painting មានប្រសាសន៍ថា អ្នកអាចបញ្ជាក់ថាអ្នកបកប្រែណាដែលទទួលស្គាល់ដោយ NAATI ដោយធ្វើការផ្ទៀងផ្ទាត់តាមប្រព័ន្ធអនឡាញ។
ប្រសិនបើមាននរណាម្នាក់ដែលអះអាងថាមានការទទួលស្គាល់ អ្នកស្វែងរកសេវាកម្មអាចស្នើសុំឲ្យគេបកប្រែ និងធ្វើការផ្ទៀងផ្ទាត់នូវសញ្ញាប័ត្រតាមគេហទំព័ររបស់យើង។
ដើម្បីទទួលបានព័ត៌មានបន្ថែមពីការទទួលបានសេវាកម្មបកប្រែដោយមិនគិតថ្លៃសូមមើល . ដើម្បីបញ្ជាក់ថាអ្នកបកប្រែទទួលស្គាល់ដោយ NAATI សូមមើល .