ចំណុចសំខាន់ៗ៖
- កុំបើកបរនៅក្នុងទឹកជំនន់ ព្រោះរថយន្តអាចអណ្តែតនិងហូរទៅឆ្ងាយបានជាមួយនឹងកម្ពស់ទឹកត្រឹមតែ១៥សង់ទីម៉ែត្រប៉ុណ្ណោះ។
- ទូរសព្ទទៅសេវាកម្មសង្រ្គោះបន្ទាន់របស់រដ្ឋ (SES) សម្រាប់ជំនួយតាមរយៈលេខ 13 25 00 ឬទូរសព្ទទៅលេខ 000 ប្រសិនបើជីវិតរបស់អ្នកស្ថិតនៅក្នុងគ្រោះថ្នាក់ជាបន្ទាន់។
ការិយាល័យឧតុនិយម ឬ BOM បានចេញផ្សាយការព្រមានអំពីទឹកជំនន់ជាច្រើនសម្រាប់តំបន់ភាគខាងកើតនៃរដ្ឋញូសៅវែល ដោយសារតែព្រឹត្តិការណ៍អាកាសធាតុ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ច្រើនជាងមធ្យមភាគ។
ការរកឃើញពីក្រុមហ៊ុន Allianz បង្ហាញថា ប្រជាជនអូស្ត្រាលីមិនបានត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់ជុំវិញ La Niña។ អ្នកគ្រប់គ្រងបណ្តឹងទាមទារសំណងថ្នាក់ជាតិរបស់ក្រុមហ៊ុនធានារ៉ាប់រងនេះ គឺលោក Mark O'Connor និយាយដោយសោកស្ដាយថា ព្យុះ និងទឹកជំនន់បានធ្វើឱ្យខូចខាតផ្ទះសម្បែងអូស្ត្រាលីចំនួន 2.4 ពាន់លានដុល្លារកាលពីឆ្នាំមុន។

Source: Getty Images/Colin Anderson Productions
រៀបចំផែនការទុកជាមុន និងត្រៀមសម្រាប់គ្រាអាសន្ន
លោកO'Connor ផ្តល់អនុសាសន៍ឱ្យធ្វើការស្រាវជ្រាវ ដោយនិយាយជាមួយអ្នកជិតខាងរបស់អ្នក និងភ្នាក់ងារជំនួយសង្គ្រោះបន្ទាន់នៅក្នុងតំបន់។ លោកណែនាំឱ្យពិនិត្យមើលលើគោលនយោបាយធានារ៉ាប់រងរបស់អ្នកជារៀងរាល់ឆ្នាំ ហើយរៀបចំផែនការសង្គ្រោះបន្ទាន់នៅផ្ទះ ដែលអ្នកចែករំលែកជាមួយគ្រួសាររបស់អ្នកបាន។
បង្កើតកញ្ចប់សង្គ្រោះបន្ទាន់ជាមួយនឹងឧបករណ៍ជំនួយដំបូង ការផ្គត់ផ្គង់ទឹក និងស្បៀងអាហារ ហើយពិតណាស់ ឆ្នាំងសាកចល័ត។
ប្រសិនបើអ្នកដឹងថាផ្ទះរបស់អ្នកទំនងជាត្រូវជន់លិចនោះ លោក Baker ស្នើឱ្យរៀបចំទុកជាមុន ដូចជាការលើករបស់មានតម្លៃទាំងអស់របស់អ្នកឱ្យខ្ពស់ផុតពីដី។ ទោះបីជាយ៉ាងណាការប្រុងប្រយ័ត្នល្អបំផុត គឺមិនត្រូវស្ថិតនៅក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់តាំងពីដំបូងមកម្ល៉េះ។
លោកBaker លើកទឹកចិត្តប្រជាជនឱ្យបង្កើតឧបករណ៍សង្គ្រោះបន្ទាន់ () ក្នុងករណីអគ្គីភ័យ ឬសេណារីយ៉ូទឹកជំនន់។ ព័ត៌មានអំពីរបៀបរៀបចំផ្ទះរបស់អ្នកសម្រាប់គ្រោះមហន្តរាយអាចរកបាននៅលើគេហទំព័រ SES ក្នុងតំបន់របស់អ្នក។

Source: Getty Images/Charles Briscoe-Knight
Baker ក៏ផ្តល់អនុសាសន៍ឱ្យបិទលូ និងបំពង់បង្ហូរទឹករបស់អ្នកជាមុន ដោយប្រើថង់សំរាម ឬថង់ដើរទិញឥវ៉ាន់ច្រកដីឬខ្សាច់ឲ្យពេញ ដើម្បីការពារមិនឱ្យទឹកលូហូរចូលមកតាមបង្គន់ និងបំពង់បង្ហូរទឹករបស់អ្នក នៅពេលទឹកជំនន់កើតឡើង។
ប្រសិនបើអ្នកត្រូវជម្លៀស រៀបចំផែនការផ្លូវមុនពេលអ្នកចាកចេញ និងស្វែងរកផ្លូវជំនួស ដូច្នេះអ្នកដឹងពីរបៀបដើម្បីទៅដល់គោលដៅរបស់អ្នកដោយសុវត្ថិភាព។
វាតែងតែមានសុវត្ថិភាពជាងក្នុងការចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងទឹកជំនន់។
កុំបើកបរនៅលើផ្លូវដែលជន់លិច
លោកBaker ព្រមានកុំឱ្យបើកបរឆ្លងកាត់ទឹករាក់ៗ ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ដោយសារទឹកជំនន់អាចកើតឡើងយ៉ាងឆាប់រហ័ស។ ការបើកបរចូលទឹកជំនន់ជាមូលហេតុចម្បងនៃការស្លាប់ក្នុងពេលមានទឹកជំនន់។
ប្រសិនបើអ្នកជាប់នៅក្នុងភ្លៀងដែលធ្លាក់យ៉ាងខ្លាំង យកល្អគួរតែឈប់ឡាននៅកន្លែងដែលមានសុវត្ថិភាព ឬឡើងទៅទីទួលខ្ពស់។
វាគ្រោះថ្នាក់ខ្លាំងណាស់។ រថយន្តខ្លះត្រូវការត្រឹមតែ 15 សង់ទីម៉ែត្រប៉ុណ្ណោះ គឺប្រវែងប៉ុនប៊ិចធម្មតាមួយដើមប៉ុណ្ណោះ ក៏អាចធ្វើឲ្យវាអណ្តែតនៅក្នុងទឹកជំនន់បានដែរ។
ប្រសិនបើអ្នកមិនអាចចេញពីយានជំនិះរបស់អ្នកបានទេ វានឹងក្លាយទៅជាគ្រាអាសន្នដ៏ធ្ងន់ធ្ងរ ដែលតម្រូវឱ្យទូរសព្ទទៅលេខសូន្យបីដងយ (000) សម្រាប់ជំនួយជាបន្ទាន់។

Source: Getty Images/Tobias Titz
លោកស្រីStacey Pidgeon អ្នកគ្រប់គ្រងការស្រាវជ្រាវជាតិមកពី Royal Life Saving Society របស់ប្រទេសអូស្ត្រាលី និយាយថា អ្នកថ្មើរជើងក៏គួរជៀសវាងការចូលទៅក្នុងទឹកជំនន់ក្នុងកាលៈទេសៈណាក៏ដោយ។
នៅពេលដែលអ្នកមិនអាចចាកចេញបាន
ប្រសិនបើអ្នកជាប់នៅក្នុងទឹកជំនន់ដែលកំពុងកើនឡើង ហើយមិនអាចចាកចេញបានទេ នេះនឹងក្លាយជាស្ថានភាពគំរាមកំហែងដល់អាយុជីវិត ហើយអ្នកត្រូវតែស្វែងរកទីជំរកនៅកន្លែងដែលមានសុវត្ថិភាពបំផុត និងខ្ពស់បំផុតដែលអ្នកអាចរកឃើញ ហើយហៅទូរសព្ទទៅលេខសូន្យបីដង (000)។
ការជន់ឡើងនៃទឹកជំនន់អាចនាំឱ្យផ្ទះសម្បែងរបស់អ្នកនៅដាច់ឆ្ងាយពីគេ ដាច់ចរន្តអគ្គិសនី រំខានដល់ប្រព័ន្ធលូ និងគ្រឿងបរិក្ខារផ្សេងៗទៀត។
ប្រសិនបើអ្នកមិនអាចចាកចេញបាន ប៉ុន្តែនៅតែមានប្រព័ន្ធទឹកស្អាតនៅដំណើរការ សូមចាក់បំពេញធុងដោយទឹកសាបដើម្បីទុកសម្រាប់ផ្គត់ផ្គង់។
វាជារឿងសំខាន់ដែលត្រូវចងចាំថា អាហារភាគច្រើនដែលរក្សាទុកក្នុងទូទឹកកកនឹងក្លាយទៅជាមិនមានសុវត្ថិភាពក្នុងការបរិភោគ ប្រសិនបើការផ្គត់ផ្គង់អគ្គិសនីត្រូវបានកាត់ផ្តាច់។
ប្រសិនបើអ្នកនៅដាច់ដោយឡែកពីគេដោយសារទឹកជំនន់កាត់ផ្តាច់ផ្លូវចូល កុំព្យាយាមជម្លៀសចេញ វាអាចក្លាយជាគ្រោះថ្នាក់ជាងការស្នាក់នៅ និងរង់ចាំជំនួយ។
ប្រសិនបើអ្នកជាប់នៅក្នុងទឹកជំនន់
- បណ្តោយខ្លួនតាមខ្សែទឹក
- លើកដៃរបស់អ្នកឡើង ដើម្បីបញ្ជាក់ថាអ្នកត្រូវការជំនួយ
- បណ្តែតខ្លួននៅលើទឹក(ដេកផ្ងារ)ដោយងើបក្បាលចេញពីទឹក
- កាន់របស់ដែលអណ្តែត ដូចជាធុង បាល់ ឬបន្ទះក្តារអណ្តែតទឹក។
ហើយវាសំខាន់ណាស់ដែលអ្នកមិនគិតចង់ទៅជួយសង្គ្រោះនរណាម្នាក់ដោយការចូលទៅក្នុងទឹកដោយខ្លួនឯង ដូចជាមនុស្សជាច្រើនដែលបានលង់ទឹកដោយសារការព្យាយាមជួយសង្គ្រោះអ្នកដទៃនោះទេ។
រឿងដែលប្រសើរបំផុតដែលអ្នកអាចធ្វើបានគឺទូរសព្ទទៅសេវាសង្គ្រោះបន្ទាន់។ អ្នកអាចជួយបានដោយបោះរបស់ដែលអណ្តែត ដើម្បីរក្សាមនុស្សនោះឲ្យអណ្តែតនៅពីលើទឹក។
ក្នុងករណីមានអាសន្ន លោក Baker និយាយថា ជីវិតមនុស្សគួរតែមកមុនជានិច្ច។
ចូលទីកាន់គេហទំព័រសេវាកម្មសង្រ្គោះបន្ទាន់ State Emergency Service (SES) ឬ សម្រាប់ព័ត៌មានបន្ថែមស្តីអំពីការត្រៀមសម្រាប់ហេតុការណ៍ទឹកជំនន់។
ប្រសិនបើអ្នកត្រូវការជំនួយនៅក្នុងតំបន់ទឹកជំនន់ ទូរសព្ទទៅ SES តាមលេខ 13 25 00។
ទូរសព្ទទៅលេខសូន្យបីដង (000) ភ្លាមប្រសិនបើជីវិតរបស់អ្នកស្ថិតនៅក្នុងគ្រោះថ្នាក់ជាបន្ទាន់។
សម្រាប់ជំនួយគាំទ្រជាភាសាផ្សេងៗ សូមទូរសព្ទទៅសេវាកម្មបកប្រែភាសាថ្នាក់ជាតិ តាមរយៈលេខ 13 14 50 ហើយសួរភ្នាក់ងារដែលលើកទូរសព្ទអ្នក។

Source: Getty Images/Rafael Ben-Ari
សម្រាប់ព័ត៌មានថ្មីៗអំពីគ្រោះសន្ននៅជុំវិញប្រទេសអូស្ត្រាលី រួមជាមួយនឹងការណែនាំដើម្បីការពារអ្នក និងទ្រព្យសម្បត្តិរបស់អ្នក សូមចូលទៅកាន់ ៕