ប្រទេសអូស្ត្រាលីស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ២៩ឆ្នាំ ជាមួយនឹងផលិតផលក្នុងស្រុកសរុបនៅក្នុងខែមិថុនាធ្លាក់ចុះ ៧ភាគរយ ដែលជាការធ្លាក់ចុះធំបំផុតក្នុងកំណត់ត្រា។
កំណើនអវិជ្ជមានកើតឡើងបន្ទាប់ពីការធ្លាក់ចុះ ០,៣ភាគរយនៅក្នុងត្រីមាសខែមីនា ជាមួយនឹងការគណនាតួលេខថ្មីៗបន្ថែមទៀតនោះ យើងឃើញផលប៉ះពាល់យ៉ាងពេញលេញនៃរលកទីមួយនៃការបិទទ្វារ ដោយសារតែវីរុសកូរ៉ូណាមកលើសេដ្ឋកិច្ចនេះ។
លោកហិរញ្ញិក Frydenberg បាននិយាយថា“ កំណត់ត្រារបស់យើងក្នុងនាមជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចរយៈពេល ២៨ឆ្នាំជាប់ៗគ្នា បានដល់ទីបញ្ចប់ហើយ” ។
“ តួលេខដ៏សាហាវនៅថ្ងៃនេះបញ្ជាក់ពីអ្វីដែលប្រជាជនអូស្ត្រាលីគ្រប់រូបដឹងថា កូវីដ-១៩ បានបំផ្លាញសេដ្ឋកិច្ចរបស់យើង និងជីវិតរបស់យើង ដែលយើងមិនធ្លាប់បានជួបប្រទះពីមុនមក។
អ្វីគឺជាតួលេខចំបង?
តួលេខដ៏ចំបងនោះគឺ កំណើនផលិតផលសរុបក្នុងស្រុកជារួមដែលបានធ្លាក់ចូលទៅក្នុងគំនូសអវិជ្ជមានសម្រាប់ត្រីមាសដំបូង នៅចន្លោះខែមករានិងមីនាឆ្នាំនេះ។
កំណើនប្រចាំត្រីមាសខែមិថុនា ក្នុងកម្រិតអវិជ្ជមាន ៧ ភាគរយ គឺជាតួលេខអាក្រក់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមឡើងមក គឺ មានទំហំ៣ដងនៃការធ្លាក់ចុះខ្លាំងបំផុតចំនួន ២ ភាគរយកាលពីឆ្នាំ ១៩៧៤ ។
ការធ្លាក់ចុះនេះត្រូវបានជំរុញជាចម្បងដោយការធ្លាក់ចុះការចំណាយក្នុងគ្រួសារ ដែលបានធ្លាក់ចុះ ១២,១ ភាគរយ។

Australian Treasurer Josh Frydenberg outlines international GDP growth in June. Source: AAP
គួរកត់សម្គាល់ថា តួលេខប្រចាំត្រីមាសនេះមិនរាប់បញ្ចូលផលប៉ះពាល់នៃការរឹតត្បិតដំណាក់កាលទី ៤ ដែលបានដាក់ចេញដោយរដ្ឋាភិបាលរដ្ឋវិចថូរៀ នៅទីក្រុងមែលប៊ន ដែលឃើញថា អាជីវកម្មមិនចាំបាច់ទាំងអស់នៅ Greater Melbourne ត្រូវបិទទ្វារ។
តើប្រទេសអូស្រ្តាលីធ្វើបានកម្រិតណា បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតលើពិភពលោក?
បើទោះបីជាមានតួលេខកំណើនអវិជ្ជមានក៏ដោយ ក៏ប្រទេសអូស្រ្តាលីធ្វើបានល្អជាងឆ្ងាយណាស់ បើប្រៀបធៀប ទៅនឹងប្រទេសដទៃទៀតនៅលើពិភពលោក ហើយជាពិសេស បើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ដទៃទៀត។
នៅចក្រភពអង់គ្លេសដែលបានបិទទ្វារយ៉ាងតឹងរ៉ឹងនៅក្នុងត្រីមាសខែមិថុនានោះ ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ២០,៤ ភាគរយ ដែលជំរុញឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជ្រៅបំផុត នៃសេដ្ឋកិច្ចសកលធំៗ។
ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះប្រមាណជាង ៩ ភាគរយនៅសហរដ្ឋអាមេរិក ខណៈដែលប្រទេសអាល្លឺម៉ង់និងកាណាដាក៏មានការធ្លាក់ចុះស្រដៀងគ្នានេះដែរ។
លោក Scott Haslem ជាប្រធានផ្នែកវិនិយោគនៅ Crestone Wealth Management ក្នុងទីក្រុងស៊ីដនី។
លោកបានប្រាប់សារព័ត៌មាន SBS ថា មូលហេតុដែលសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីទទួលបាន "ការច្រណែនពីពិភពលោក”នោះគឺ ភាគច្រើនដោយសារតែអូស្រ្តាលីស្ថិតនៅក្នុងជំហរសារពើពន្ធដ៏រឹងមាំមួយ នៅពេលចាប់ផ្តើមមានរោគរាតត្បាតនេះ។
លោកមានប្រសាសន៍ថា“ វាមានរយៈពេល ៣០ ឆ្នាំហើយគិតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចចុងក្រោយរបស់យើង នោះមានន័យថា យើងមានបទពិសោធកំណើនសេដ្ឋកិច្ចល្អ យើងមានជំហរសារពើពន្ធល្អ” ។
“យើងមានលទ្ធភាពផ្តល់នូវកញ្ចប់ជំនួយជួយជំរុញសេដ្ឋកិច្ចបានច្រើនជាង ប្រទេសដទៃទៀតនៅលើពិភពលោក ហើយធ្វើបានយ៉ាងរហ័សផងដែរ។”
“ទាំងអស់នេះហើយ ដែលបាននាំឱ្យមានបទពិសោធន៍កូវីដ-១៩ដ៏ល្អមួយ សម្រាប់អូស្ត្រាលី ដែលដឹកនាំដោយការបិទសកម្មភាពអ្វីៗទាំងអស់បានយ៉ាងឆាប់រហ័ស"។
តើវាអាចចៀសវាងបានទេ?
លោកJohn Hawkins ជាសាស្រ្តាចារ្យរងខាងផ្នែកនយោបាយសេដ្ឋកិច្ច និងសង្គម នៅសាកលវិទ្យាល័យ University of Canberra ។ លោកបាននិយាយថាមិនមានអ្វីច្រើនដែលរដ្ឋាភិបាលអាចធ្វើទៅបាន ដើម្បីចៀសវាងការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះទេ។
“ គ្មានផ្លូវដែលអាចចៀសវាងបានទេ។ មិនមានអ្វីច្រើនដែលអាចធ្វើទៅបានដើម្បីតបតទៅនឹងត្រីមាសខែមីនានោះទេ។ រដ្ឋាភិបាលបានប្រកាសកញ្ចប់ថវិកាជួយជំរុញសេដ្ឋកិច្ចដ៏ធំមួយ ហើយបើនិយាយទៅ គួរតែអាចធ្វើឲ្យលឿនជាងនេះបន្តិច ប៉ុន្តែខ្ញុំគិតថា វានៅតែមិនអាចចៀសរួចនោះទេ។ នេះគឺជាត្រីមាសដ៏ទន់ខ្សោយមួយសម្រាប់យើង»។
លោកបានបន្ថែមថា“ អ្នកអាចមានលទ្ធផលប្រសើរជាងនេះបន្តិចសម្រាប់ត្រីមាសខែមីនា ដោយការមិនបិទការប្រមូលផ្តុំធំៗ ប៉ុន្តែបន្ទាប់មក អ្នកនឹងមានមនុស្សឈឺកាន់តែច្រើន និងមានលទ្ធផលអាក្រក់ជាងនេះនៅត្រីមាសបន្ទាប់ និងនៅត្រីមាសខែកញ្ញាវិញ” ។

International students line up outside Melbourne Town Hall for food vouchers. Source: Getty Images AsiaPac
តើវិបត្តិសេដ្ឋកិច្ច “recession” មានន័យដូចម្តេចសម្រាប់អ្នក?
លោក Hawkins និយាយថា វិបត្តិសេដ្ឋកិច្ច “recession” ជារឿយៗត្រូវបានកំណត់ថា "នៅពេលដែលអ្នកជិតខាងរបស់អ្នកបាត់បង់ការងារធ្វើ" ។ លោកថា ចំណែកឯវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ “Depression” វិញ គឺជាពេលដែលខ្លួនអ្នកផ្ទាល់បាត់បង់ការងារធ្វើ។
លោកបានមានប្រសាសន៍ថា“ មនុស្សមួយចំនួននឹងកាត់បន្ថយពេលម៉ោងធ្វើការ ហើយខ្លះទៀតបាត់បង់ការងារធ្វើ ដែលវានឹងជះឥទ្ធិពលដល់មនុស្សជាច្រើន” ។
កំណើនប្រាក់ឈ្នួលក៏នឹងធ្លាក់ចុះផងដែរ បើគ្មានការប្រកួតប្រជែងដើម្បីស្វែងរកមនុស្សធ្វើការទេ អ្នកនឹងមើលមិនឃើញសម្ពាធនៃការតំឡើងប្រាក់ឈ្នួលក្នុងរយៈពេលយូរ។
លោក Haslem យល់ស្របចំពោះរឿងនេះ។ លោកបាននិយាយថា“ មនុស្សទូទៅដឹងថា មានមនុស្ស គ្មានការងារធ្វើកាន់តែច្រើន នៅក្នុងវិបត្តិសេដ្ឋកិច្ច” ។
"ខ្ញុំគិតថាវាពិបាកក្នុងការចង្អុលបង្ហាញថា អ្វីដែលមនុស្សជីវភាពធម្មតាកំពុងមានអារម្មណ៍។ មនុស្សខ្លះនឹងបាត់បង់ការងារ ហើយមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ។ មនុស្សខ្លះទៀតប្រហែលជាមិនសូវកត់សំគាល់ដឹងប៉ុន្មាននោះទេថា យើងកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច" ។
តើវិបត្តិសេដ្ឋកិច្ចនេះនឹងមានរយៈពេលយូរប៉ុន្មាន?
លោក Haslem បាននិយាយថា លោករំពឹងថា កាលៈទេសៈពិសេសនៃការដើរថយក្រោយនៃសេដ្ឋកិច្ចនេះ (ការបិទទ្វារដើម្បីចៀសវាងគ្រាអាសន្នខាងផ្នែកសុខភាពសាធារណៈ) មានន័យថា វានឹងមិនមានរយៈពេលយូរ ដូចវិបត្តិសេដ្ឋកិច្ចដទៃទៀតទេ។
លោកមានប្រសាសន៍ថា“ នេះមិនមែនជាវិបត្តិហិរញ្ញវត្ថុដូចយើងធ្លាប់បានជួបប្រទះកាលពីឆ្នាំ ១៩៩១ ឬដូចដែលពិភពលោកបានជួបប្រទះក្នុងឆ្នាំ ២០០៨ និង ២០០៩ នោះទេ។ នេះគ្រាន់តែជាសកម្មភាពបិទទ្វារមួយ ហើយយើងកំពុងចាប់ផ្តើមឃើញសញ្ញាខ្លះៗនៃភាពប្រសើរឡើងវិញនៅក្នុងការចំណាយរបស់អ្នកប្រើប្រាស់” ។
ដូច្នេះវាមានលក្ខណៈស៊ីជម្រៅ ស៊ីជម្រៅជាងអ្វីដែលយើងបានឃើញពីមុនមក ប៉ុន្តែខ្ញុំគិតថាយើងប្រហែលជានឹងចេញផុតពីវិបត្តិនេះនៅ ពាក់កណ្តាលឆ្នាំក្រោយ គឺវាលឿនជាងវិបត្តិសេដ្ឋកិច្ចដទៃទៀត។ "
ខណៈពេលដែលលោក Hawkins បាននិយាយពីផ្នែកខ្លះនៃសេដ្ឋកិច្ចដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័សនោះ វិស័យមួយចំនួនដូចជា វិស័យទេសចរណ៍ និងវិស័យសាកលវិទ្យាល័យ ក៏នឹងត្រូវពឹងផ្អែកទៅលើរបៀបដែលពិភពលោកទាំងមូលដោះស្រាយជាមួយវីរុសនេះ និងថាតើព្រំដែនអាចនឹងបើកឡើងវិញឆាប់រហ័សកម្រិតណា។
ប្រជាជននៅក្នុងប្រទេសអូស្រ្តាលីត្រូវតែស្ថិតនៅឆ្ងាយពីគ្នាយ៉ាងហោចណាស់១,៥ម៉ែត្រ។ សូមពិនិត្យមើលបទបញ្ញត្តិរឹតបន្តឹងស្តីពីចំនួនកំណត់នៃការជួបជុំគ្នានៅក្នុងរដ្ឋរបស់លោកអ្នក។
ការធ្វើតេស្តរកវីរុសកូរ៉ូណាឥឡូវនេះ ធ្វើឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេសអូស្ត្រាលី។ ប្រសិនបើអ្នកកំពុងមានរោគសញ្ញាផ្តាសាយ ឬគ្រុនផ្តាសាយធំ សូមចាត់ចែងទៅធ្វើតេស្តដោយទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ឬទាក់ទងមកខ្សែទូរស័ព្ទ ព័ត៌មានសុខភាពវីរុសកូរ៉ូណា តាមទូរស័ព្ទលេខ ១៨០០ ០២០ ០៨០ ។
កម្មវិធីតាមដានវីរុសកូរ៉ូណា COVIDSafe App របស់រដ្ឋាភិបាលសហព័ន្ធអាចដោនឡូតបានពី app storeនៅលើទូរសព្ទរបស់លោកអ្នក។
SBS ប្តេជ្ញាជូនដំណឹងដល់សហគមន៍ចម្រុះរបស់អូស្រ្តាលី អំពីការវិវត្តិន៍ចុងក្រោយបំផុតនៃកូវីដ-១៩ ។ ព័ត៌មាន និងដំណឹងផ្សេងៗ ជា៦៣ភាសា មាននៅលើគេហទំព័រ៖ ៕